(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ និងទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាលទូទាំងសកលលោក ជាពិសេស គឺតម្លៃរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, គណៈសង្ឃធម្មយុត្តិកនិកាយ ព្រះពុទ្ធសាសនាកម្ពុជា និងគ្រប់ទីអារាមគណៈធម្មយុត្តិកនិកាយទូទាំងប្រទេស នឹងរៀបចំពិធីសូត្រព្រះបរិត្ត ដែលជាគាថាធម៌របស់ ព្រះសម្មាសម្ពុទ្ធ និងពិធីសាសនាផ្សេងៗទៀតនៅថ្ងៃអង្គារ៍ ទី២៤ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសគ្រោះកាចចង្រៃនានាចេញពីប្រទេស និងប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ងួន ស្តេចភក្តី លេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា។

លោក ងួន ស្តេចភក្តី បានបន្តថា សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានចេញនូវព្រះរាជសារ ណែនាំឲ្យគ្រប់វត្តអារាម ក៏ដូចជាពុទ្ធបរិស័ទទូទាំងប្រទេស ចូលរួមប្រារព្ធនូវកិច្ចតាមបែបព្រះពុទ្ធសាសនា ព្រមទាំងរក្សាខ្ជាប់នូវអនាម័យជាប្រចាំដូចជាការលាងដៃ ការសម្អាតបរិស្ថានជុំវិញខ្លួន ការពាក់ម៉ាស ការស្វែងយល់ពីជំងឺ COVID-19 នេះ តាមរយៈវិទ្យុ ទូរទស្សន៌ និងប្រពន្ធផ្សព្វផ្សាយរបស់រដ្ឋ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៨៦នាក់ហើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំ ដែលជាអ្នកដំណើរមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ត្រូវបានធ្វើតេស្តអវិជ្ជមាន ចំនួន២ដង ហើយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះផងដែរ។ បុរសជនជាតិបារាំង ដែលឆ្លងជំងឺ COVID-19 ទាំង ២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕