(ភ្នំពេញ)៖ នៅ​ថ្ងៃទី២ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំងប្រទេស​ចំនួន៨​លើក (យប់០៥​លើក) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៥​នាក់ របួសធ្ងន់៦​នាក់ និងរបួសស្រាល៣​នាក់ និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ ​មាន១០​នាក់ (​យប់០៨​នាក់​) នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​ សរុប១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៨​គ្រឿង រថយន្ត​ធុន​តូច០៥​គ្រឿង រថយន្តធុនធំ៤គ្រឿង ហើយមូល​ហេតុដែល​បណ្តាល​ឲ្យ ​មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន០៤​លើក ​ មិនប្រកាន់ស្តាំ២លើក និងមិនគោរពសិទ្ធិ១លើក។

សូមជម្រាបថា នៅថ្ងៃទី០២ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏ដូចជាប្រតិបត្តិការរឹតបន្តឹងខ្លាំងទៅលើការធ្វើ ចរាចរណ៍របស់ប្រជាពលរដ្ឋលើដងវិថីនោះ កម្លាំងនគរបាល បានរកឃើញយានយន្ត ល្មើសច្បាប់ចរាចរណ៍ប្រមាណ ៧.៩៦៣គ្រឿង ។ យានយន្តល្មើសច្បាប់ភាគច្រើនលើសលុប ជាម៉ូតូគ្មានស្លាកលេខ។ ក្នុងនោះយានយន្ត ៤២៦០គ្រឿង ក្រោយពិន័យ និង អប់រំ ក៏ត្រូវបានប្រគល់ជូន ម្ចាស់វិញ ដោយឡែកយានយន្ត ១៤៩គ្រឿង ត្រូវបានយកទៅរក្សាទុក។

យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យានយាន្ត ដែលល្មើសច្បាប់នេះ មានរថយន្ត ៣.៨៣៦គ្រឿង ម៉ូតូ ៤.១២៧គ្រឿង។ ការផាកពិន័យលើយានយន្ត ល្មើសច្បាប់ចរាចរណ៍ បានចំនួនរហូតដល់ជាង ៧៦លានរៀល។ ផាកពិន័យពីរថយន្ត បានជាង ៤០លានរៀល និងផាកពិន័យពីម៉ូតូ បានជាង ៣៥លានរៀល៕