(ត្បូងឃ្មុំ)៖ លោក វង សូតប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្រុមយុវជន គឺជា សរសរទ្រូងយ៉ាងសំខាន់សម្រាប់ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិ និងដើម្បីការពារសមិទ្ធផលនានា របស់គណបក្សប្រជាជនកម្ពុជា។ លោកជំរុញឲ្យក្រុមការងារទាំងអស់ប្រឹងប្រែងកៀងគរកម្លាំងយុវជនចូលរួមក្នុងការងារបក្ស ចូលរួមចំណែកពង្រឹងបក្ស និង អភិវឌ្ឍប្រ ទេសជាតិ។

នៅក្នុងពិធីអបអរសាទរខួបលើកទី៣៧  ទិវាជ័យជម្នះ ៧មករា ១៩៧៩ និង ពិធីសម្ពោធទីស្នាក់ការបក្សគណបក្សប្រជាជនកម្ពុជា នៅ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ លោក វង សូត បានថ្លែងថា រយៈពេល ៣៧ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា បានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សដោយជំរុញបង្កើតឲ្យមានសាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ ផ្លូវ ស្ពាននានា គឺជា គោលដៅមួយបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទទួលបានសេវា និង ការធ្វើដំណើរបានយ៉ាងស្រួលផងដែរ។

ប្រធានក្រុមការងារ បានបន្តថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺកំពុងបណ្តុះបណ្តាលដល់ក្រុមយុវជន ឲ្យក្លាយទៅ ជាយុវជនមានលទ្ធភាព និង សមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម នឹងជាអ្នកបន្តវេនដឹកនាំសង្គមជាតិ ជាពិសេសកិច្ចការពារសមិទ្ធ ផលនានា ដែលបានកើតចេញពីគណបក្សប្រជាជនកម្ពុជាដែលជាសមិទ្ធផលមួយ កំពុងមានការរីកចម្រើនយ៉ាងខ្លាំង មិនថា នៅតាម ខេត្ត-ក្រុង ឬនៅតាមមូលដ្ឋាននោះឡើយ។

ទាក់ទិនការអភិវឌ្ឍន៍នេះ លោក វង សូត បានលើកឡើងបន្តទៀតថា ស្រុកពញាក្រែក គឺជាស្រុកមួយកំពុងទទួលបានការអភិវឌ្ឍយ៉ាង ឆាប់រហ័ស ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះសម្រាប់វិស័យអាណាចក្រ ក៏បានរីកចម្រើនយ៉ាងខ្លាំងផងដែរ ជាក់ស្តែងទីស្នាក់ ការបក្សមួយនេះ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និង ចំណាយថវិកាសរុបជាង ៦ម៉ឺនដុល្លាអាម៉េរិក និងមានទីស្នាក់ការ ៥ កន្លែងទៀត ក៏បានស្ថាបនារួចរាល់ និង កំពុងសាងសង់បន្តផងដែរ។

សូមបញ្ជាក់ផងដែរថា អគារទីស្នាក់ការបក្សនីមួយៗមានទំហំ ៩ម៉ែត្រ គុណ ១២ម៉ែត្រ ក្នុងនោះក៏មានសាលប្រជុំទំហំ ១០ម៉ែត្រ គុណ ២០ម៉ែត្រមួយដែរ។ នៅទូទាំងស្រុកពញាក្រែកទីស្នាក់ការបក្សត្រូវបានកសាងដូចគ្នា ដើម្បីឲ្យមន្រ្តីមានកន្លែងធ្វើការសមរម្យ និងមាន ភាពងាយស្រួលក្នុងការបំពេញការងារបម្រើប្រជាជនក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់៕