(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី០២ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏ដូចជាប្រតិបត្តិការរឹតបន្តឹងខ្លាំងទៅលើការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋលើដងវិថីនោះ កម្លាំងនគរបាល បានរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ប្រមាណ ៧.៩៦៣គ្រឿង កើនឡើងលើសថ្ងៃម្សិលមិញ ៤៤៤គ្រឿង។

លោក ហ៊ឹម យ៉ាន បានឲ្យដឹងថា យានយន្តល្មើសច្បាប់ភាគច្រើនលើសលុបជាម៉ូតូគ្មានស្លាកលេខ។ ក្នុងនោះយានយន្ត ៤២៦០គ្រឿង ក្រោយពិន័យ និង អប់រំ ក៏ត្រូវបានប្រគល់ជូនម្ចាស់វិញ ដោយឡែកយានយន្ត ១៤៩គ្រឿង ត្រូវបានយកទៅរក្សាទុក។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យានយាន្ត ដែលល្មើសច្បាប់នេះ មានរថយន្ត ៣.៨៣៦គ្រឿង ម៉ូតូ ៤.១២៧គ្រឿង។ការផាកពិន័យលើយានយន្តល្មើសច្បាប់ចរាចរណ៍ បានចំនួនរហូតដល់ជាង ៧៦លានរៀល។ ផាកពិន័យពីរថយន្ត បានជាង ៤០លានរៀល និងផាកពិន័យពីម៉ូតូ បានជាង ៣៥លានរៀល។

របាយការណ៍ បានឲ្យដឹងផងដែរថា មានយានយន្តជាង ២ម៉ឺនគ្រឿង ត្រូវបានត្រួតពិនិត្យនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ។

លោក ហឹម យ៉ាន បានកោតសរសើរថា ប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹង និង គោរពច្បាប់ចរាចរណ៍បានល្អ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៨០-៩០ភាគរយ បានយល់ពីច្បាប់ និងចូលរួមគោរពច្បាប់ចរាចរណ៍ នៅសល់ប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះ មិនទាន់បានយល់ដឹង និង មិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។

ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ស្នើឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាគោរពច្បាប់ចរាចរណ៍ បើកបរដោយការអធ្យាស្រ័យគ្នា កុំធ្វេសប្រហេស និងគោរពច្បាប់គ្រប់ពេល និងទីកន្លែង។ លោកបានលើកជាពាក្យស្លោកថា បើកបរដោយគោរច្បាប់ ដូចគោរពអាយុជីវិតខ្លួនឯង និង អ្នកដទៃ។

នៅថ្ងៃទី០១ ខែមករា ដែលជាថ្ងៃដំបូងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កម្លាំងនគរបាលចរាចរណ៍ឃាត់យានយន្តល្មើសច្បាប់ចំនួន ៧.៥១៩គ្រឿង។ ក្នុងនោះធ្វើការអប់រំចំនួន ៤.៥៤៣គ្រឿង ផាកពិន័យ ២៩២៥គ្រឿង និង ឃាត់យានយន្តទុកចំនួន១១០គ្រឿង៕