(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដោយណែនាំឱ្យ ម្ចាស់ឱសថស្ថាន និងឱសថការីទទួលបន្ទុកបច្ចេកទេសនៅតាមឱសថស្ថាន នៅកម្ពុជា ត្រូវទិញអាល់កុល ដែលមានប្រភពច្បាស់លាស់ ស្របពេលដែលមានតម្រូវការខ្ពស់ដើម្បីបង្ការកូវីដ១៩។

ក្រសួងសុខាភិបាល បានប្រកាសថា បច្ចុប្បន្ននេះ មានឱសថស្ថាន ឱសថស្ថានរងមួយចំនួន បានទិញអាល់កុលមកលក់ ដោយពុំមានប្រភពច្បាស់លាស់ ដែលមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដារ ខណៈដែលប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលជាចាំបាច់ ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ នៅកម្ពុជា ដោយអាល់កុលមួយចំនួន មានការលាយសារធាតុមេតាណុលជាមួយអេតាណុល និងអាល់កុលមួយចំនួនទៀត ពុំមានសារធាតុអេតាណុលទេ គឺមានតែសារធាតុមេតាណុលតែប៉ុណ្ណោះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានជម្រាបដល់សាធារណជនឱ្យបានជ្រាបថា ប្រើប្រាស់សំរាប់សំលាប់មេរោគ គឺជាល្បាយដែលមានសារធាតុអេតាណុលជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ជាពិសេសសារធាតុមេតាណុល។ ចំពោះសារធាតុមេតាណុលមិនត្រូវបានគេប្រើប្រាស់សម្រាប់សម្លាប់មេរោគទេ ដោយសារធាតុនេះ មានមុខងារសម្លាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្ដាលឲ្យពុលនឹងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ក្នុងករណីប្រើប្រាស់សារធាតុនេះមិនបានត្រឹមត្រូវ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖