(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសស្ដីពី ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយបានកាត់បន្ថយ អត្រាប្រាក់បម្រុងកាតព្វកិច្ចមកត្រឹម៧ភាគរយ ចំពោះប្រាក់រៀល និងរូបិយប័ណ្ណ។

ការប្រកាសនេះធ្វើឡើង ដើម្បីផ្ដល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់កម្ចីបន្ថែមជូនអតិថិជនចំនួន១,៨០០លានដុល្លារអាមេរិក មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទីមួយ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចបន្ដផ្ដល់កម្ចី ឬផ្ដល់កម្ចីថ្មីដល់អតិថិជន ដើម្បីអាចរក្សាបាននិរន្ដភាពអាជីវកម្ម និងជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ១៩។

បន្ថែមពីនេះធនាគារជាតិនៃកម្ពុជា នឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលវិបាកដែលបង្កឡើង ដោយការរីករាលដាលនៃវីរុសកូវីដ១៩។ ធនាគារជាតិនៃកម្ពុជា បានកំពុងចាត់វិធានការមួយចំនួន ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលស្ថិតក្រោមអាណាព្យាបាល ធនាគារជាតិនៃកម្ពុជា តាមរយៈការលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុញ្ញាតឲ្យអ្នកខ្ចីប្រាក់ពន្យារពេល សងប្រាក់ ឬសងតែការប្រាក់ តាមស្ថានភាពជាក់ស្ដែង និងលទ្ធភាពរបស់គ្រឹះស្ថាន៕