(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំការយោគយល់ពីស្ថានទូតប្រទេសមួយចំនួន ដោយសារកម្ពុជាមិនអាចធ្វើតាមសំណើដែលចង់ឱ្យយកភ្ញៀវទេសចរលើនាវា Wiking Cruise Journey ចូលចតនៅខេត្តកំពង់ចាម ហើយត្រូវបានពិនិត្យឃើញមានឆ្លងកូវីត៣ករណីនោះ ឱ្យឡើងមកស្នាក់នៅសណ្ឋាគារផ្កាយ៥ នៅរាជធានីភ្នំពេញបាន។

សម្តេចបានពន្យល់ថា កម្ពុជាមិនអាចផ្គាប់ចិត្តជាតិសាសន៍ទាំងនោះ ហើយបំផ្លាញជាតិសាសន៍ខ្មែរ ១៦លាននាក់នោះទេ ទោះបីជាមានស្ថានទូតប្រទេសមួយ បានខិតខំនិយាយប្រៀបធៀបអ្នកទេសចរលើនាវា Wiking Cruise Journey ទៅនឹងភ្ញៀវទេសចរជាង២ពាន់នាក់នៅនាវា Westerdam ដែលកម្ពុជាអនុញ្ញាតឱ្យចូលដើរកម្សាន្តក៏ដោយ។

ថ្លែងក្នុងកម្មវិធីបើកពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាវាមិនដូចគ្នាទេ Westerdam គ្មានជំងឺកូវីត ដែលពេលនោះនៅជាកូរ៉ូណាថ្មីនៅឡើយ ហើយមិនមានអ្នកអ្នកណាមួយមានជំងឺកូវីដទេ»

សម្តេចបន្តថា៖ «ប៉ុន្តែនាវាទេសចរណ៍មួយគ្រឿងនៅខេត្តកំពង់ចាម មានផ្ទុកនូវមេរោគនេះរួចទៅហើយ ដូច្នេះជាមួយនឹងពលរដ្ឋរបស់អ្នកប៉ុន្មាននាក់នេះ តើឲ្យយើងខ្ញុំយោគយល់ពលរដ្ឋអស់លោក ហើយបំផ្លាញពលរដ្ឋរបស់ខ្ញុំ ១៦លាននាក់បានទេ? នេះជាបញ្ហាដែលសុំឲ្យបងប្អូនជនរួមជាតិរបស់យើងធ្វើការពិចារណា រាប់ទាំងបងប្អូនជនរួមជាតិមួយចំនួន ដែលធ្លាប់តែតិទៀនរាជរដ្ឋាភិបាល»

នាវា Wiking Cruise Journey ផ្ទុកដោយជនបរទេសជាង៦០នាក់ ចេញពីប្រទេសវៀតណាម ហើយចូលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។ នាវានេះ បានចូលចតនៅខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ហើយត្រូវបានរកឃើញថា មានមនុស្ស៣នាក់ដែលជាជនជាង់អង់គ្លេសឆ្លងជំងឺកូវីដ បន្ទាប់ពីបានពិនិត្យសំណាកនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ រហូតមកដល់ពេលនេះ ជនទាំង៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ចំណែកភ្ញៀវនៅលើខេត្តនេះ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងសណ្ឋាគារមួយ ដាច់ដោយឡែកពីគេផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន, ក្នុងពេលដែលស្នើឱ្យកម្ពុជាអនុញ្ញាតឱ្យភ្ញៀវទេសចរក្នុងនាវាថ្មីនេះ មករាជធានីភ្នំពេញ ស្ថានទូតប្រទេសមួយ (មិនបញ្ចេញឈ្មោះ) បានព្រមានទៅអភិបាលខេត្តកំពង់ចាមថា អ្នកទេសចរទាំងនោះអាចនឹងធ្វើបាតុកម្ម។

សម្តេចបញ្ជាក់ថា៖ «ខ្ញុំបានឆ្លើយតបទៅវិញថាបើគេចង់ធ្វើ ក៏ធ្វើតាមចិត្តចង់ទៅចុះ ក៏ប៉ុន្តែទឹកដីកម្ពុជានៅតែជាទឹកដីកម្ពុជា អនុញ្ញាតឱ្យអ្នកឯងឡើងគោកដើម្បីសម្អាតវា បើអ្នកឯងមិនព្រមឡើងទេ ហើយបើនៅពេលនេះអ្នកឯងចង់ចុះទៅក្នុងនាវាវិញ អនុញ្ញាតឱ្យអ្នកឯងចុះទៅក្នុងនាវា ប៉ុន្តែនាវានេះមិនត្រូវឲ្យចល័តទៅកន្លែងណាផ្សេងទេ រហូតដល់រយៈពេលនៃជំងឺដែលត្រូវកំណត់ដោយវិធាននៃអង្គការសុខភាពពិភពលោក»

សម្តេចបន្តទៀតថា៖ «ខ្ញុំសូមផ្ញើសារទៅមន្ត្រីស្ថានទូតនេះ ឲ្យបានជ្រាបថា នេះមិនមែនជាទឹកដីរបស់អ្នក ហើយតម្រូវឲ្យខ្ញុំគិតគូរតែជនជាតិរបស់អ្នកឯងប៉ុន្មាននាក់ ហើយខ្វះការគិតចំពោះពលរដ្ឋរបស់ខ្ញុំ ១៦លាននាក់នោះទេ»

សម្តេចបានបញ្ជាក់បន្ថែមថា ការអនុញ្ញាតឱ្យចូលស្នាក់នៅសណ្ឋាគារខេត្តកំពង់ចាម ក៏ប្រសើរជាងទុកភ្ញៀវទាំងនោះ ឱ្យនៅលើកប៉ាល់ ហើយឆ្លងដូចក៏ប៉ាល់ Princess Diamond ដែលឆ្លងនៅឯជប៉ុននោះដែរ។

សម្តេចបញ្ជាក់បន្ថែមទៀតថា៖ «នេះជាភ័ព្វសំណាងហើយដែលកម្ពុជា មានភាពអនុគ្រោះ ឲ្យយកពិនិត្យសំណាកហើយយកអ្នកទាំងនេះ មកព្យាបាលនៅកន្លែងសមរម្យ ប៉ុន្តែអ្នកដទៃទៀតត្រូវស្នាក់នៅកន្លែងដាច់ដោយឡែករយៈពេល ១៤ថ្ងៃយ៉ាងតិច»