(ភ្នំពេញ)៖ កងពលតូចលេខ៧០ ទទួលស្វាគមន៍កងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន ដែលត្រៀមមកចូលរួមក្នុងលំហាត់សមយុទ្ធនាគមាស ២០២០ និងបានកោតសរសើរពីកងពលតូចលេខ៧០ ថាជាកងពលដែលបានរៀបចំការកសាងទីលានលំហាត់ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីបានយ៉ាងល្អ។

ការកោតសរសើរនេះធ្វើឡើងក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងកងទ័ពអាកាសចិន នៅទីបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ ក្រោយជំនួបនោះ បានរៀបចំទទួលអាហារសាមគ្គីជូនដល់ កងទ័ពអាកាសចិន យ៉ាងកក់ក្តៅបំផុតផងដែរ។

សូមជម្រាបថា នេះជាលើកទី៤ ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕