(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះការអនុវត្តច្បាប់ដោយត្រឹមត្រូវលើអ្នកប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកមិនគាំទ្រទេ ចំពោះការអនុវត្តឆ្វេងពេកនៅតាមមូលដ្ឋានមួយចំនួន ដូចជាការចុះចាប់ប្រជាពលរដ្ឋ ឬកសិករចិញ្ឹមមាន់ជល់ជាដើម។

ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសង្គមនូវសកម្មភាពរបស់មន្រ្តីសមត្ថកិច្ចមូលដ្ឋានមួយចំនួន ដែលបាននាំខ្លួនប្រជាពលរដ្ឋយកទៅអប់រំ និងចាប់យកមាន់ជល់ដែលចិញ្ចឹមតាមផ្ទះរបស់ប្រជាពលរដ្ឋ និងកសិករ កាលពីពេលថ្មីៗនេះ បង្កឱ្យកសិករ និងអ្នកចិញ្ចឹមមាន់មានការព្រួយបារម្ភ និងស្រពិចប្រពិលអំពីវិធានការរបស់សមត្ថកិច្ច។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «បើសិនជាយ៉ាង នេះ(ចាប់អ្នកចិញ្ចឹមមាន់តាមផ្ទះ) វាជាការអនុវត្តជ្រុលហើយ ឆ្វេងពេក»។ លោកបន្តថា «គ្មានបទបញ្ជាឱ្យទៅចាប់មាន់ជល់ដែលចិញ្ចឹមនៅតាមផ្ទះទេ»

ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវបានធ្វើឡើងដោយអនុវត្តតាមច្បាប់ ស្តីពីការបង្រ្កាបល្បែងស៊ីសង និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង តម្រូវឱ្យមានការដាក់ទោសលើ អ្នកបើកបនកន្លែងល្បែងស៊ីសងខុសច្បាប់ ឬអ្នកចាត់ចែង ដោយពិន័យជាប្រាក់ពី៥លានរៀល ដល់២០លានរៀល និងដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ។ ចំណែកជនណាដែលលេងល្បែងស៊ីសង នៅទីទាំងខុសច្បាប់នោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១ម៉ឺនរៀល (១០.០០០) ដល់ប្រាំម៉ឺនរៀល (៥០.០០០) ឬដាក់គុកពី១សប្តាហ៍ដល់១ខែ។

ទោះជាយ៉ាងនេះក្តី សម្រាប់ការជល់មាន់ ដែលបុគ្គលមួយចំនួនហៅថា «បក្សីកីឡា» នៅតែមានការតស៊ូមតិថា វាជាល្បែងកម្សាន្តវប្បធម៌ ដែលមានតាំងពីបុរាណ ដោយអ្នកខ្លះគាំទ្រឱ្យមានច្បាប់គ្រប់គ្រងល្បែងនេះឱ្យបានត្រឹមត្រូវ ដើម្បីទាញយកអត្ថប្រយោជន៍តាមលទ្ធភាព។

បើតាម លោក ខៀវ សុភ័គ, ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចត្រូវអនុវត្តច្បាប់ដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ កុំឱ្យមានការវៀចវេហួសពីបទបញ្ជា ដែលមិនឆ្វេងពេក ឬជ្រុលពេក។ លោកបន្តថា «ជួនកាលគ្នាបីមាន់ទៅលក់ ដូចជានៅស្រុកស្រែចំការជាដើម មិនត្រូវទៅចាប់អ្នកចិញ្ចឹមទេ»