(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតឆ្លើយតបចំពោះ អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងសវនាការរបស់ លោក កឹម សុខា។

ក្នុងលិខិតឆ្លើយតបរបស់ខ្លួន ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា៖ «ក្នុងនាមជាជនមួយរូបដែលបានចូលស្ដាប់សវនាការជំនុំជម្រះលើជនជាប់ចោទ កឹម សុខា តាំងពីចាប់ផ្ដើមលើកដំបូង និងជាបន្តបន្ទាប់ គឺខ្ញុំបានស្ដាប់ នឹងមើលឃើញទិដ្ឋភាពជាក់ស្ដែងអំពីដំណើរការជំនុំជម្រះ គឺមិនមានភាពប៉ះពាល់ដល់ ប្រទេសដទៃឡើយ ប៉ុន្តែអង្គជំនុំជម្រះនិងតំណាងអយ្យការ គឺសួរដេញដោលទៅលើជនជាប់ចោទ កឹម សុខា លើអង្គហេតុដែលលោក កឹម សុខា បានធ្វើសកម្មភាព កន្លងមក និងការថ្លែងរបស់លោក នៅក្នុងវីដេអូឃ្លីបនៅឯប្រទេសអូស្ត្រាលី ដែលមានរយៈពេលមួយម៉ោងតែប៉ុណ្ណោះ»

លិខិតឆ្លើយតបរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy ដែលបានចូលស្ដាប់សវនាការ លោក កឹម សុខា ពីម្សិលមិញ បានលើកឡើងថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញាបានលើកឡើង នូវរឿងមិនពិតដែលត្រូវបានប្រឌិតរឿងទាក់ទងនឹងសហរដ្ឋអាមេរិក។

លោក ពេជ្រ ស្រស់ បានចាត់ទុកថា អ្វីដែលលើកឡើងដោយ អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា គឺជាការលើកឡើងខុសពីការពិតទាំងស្រុង និងខ្វះការតាមដានអង្គហេតុឲ្យច្បាស់លាស់ពីដើមមក៕

ខាងក្រោមនេះ គឺជាលិខិតឆ្លើយតបរបស់ប្រធានគណបក្សយុវជនកម្ពុជា៖