(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងនៅតាមស្ថានីយថ្លឹងរថយន្តទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការដឹកលើសទម្ងន់ ដែលជាបញ្ហាចម្បងមួយក្នុងការធ្វើឱ្យខូចផ្លូវនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតឱ្យមានស្ថានីយថ្លឹងរថយន្តនៅតាមផ្លូវជាតិនានា ដើម្បីទប់ស្កាត់រថយន្តដឹកលើសទម្ងន់កំណត់ដែលនាំឱ្យខូចផ្លូវ។ បច្ចុប្បន្នស្ថានីយថ្លឹងរថយន្តនេះ មានរហូតដល់ទៅ២៨ស្ថានីយនៅទូទាំងប្រទេស។

បើទោះបីថា មានស្ថានីយថ្លឹងរថយន្តយ៉ាងណាក្តី តែការគ្រប់គ្រងរថយន្តដឹកលើសទម្ងន់មិនទាន់មានប្រសិទ្ធភាពខ្ពស់នោះឡើយ។ និយាយឱ្យស្រួលស្តាប់ស្ថានីយផ្លូវនៅតែខូច រថយន្តដឹកលើសទម្ងន់នៅតែចរាចរណ៍ បើទោះមានស្ថានីយថ្លឹងរថយន្តក៏ដោយនោះ។ បញ្ហាកង្វះប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថយន្តដឹកលើសទម្ងន់នេះ ត្រូវបានគេលើកឡើងថា បណ្តាលមកពីការត្រូវរ៉ូវគ្នារវាងមន្ត្រីគ្រប់គ្រងស្ថានីយថ្លឹងរថយន្ត និងក្រុមឈ្មួញរកស៊ីដឹកជញ្ជូន។ ខណៈករណីខ្លះទៀត អ្នករកស៊ីដឹកជញ្ជូនជាអ្នកមានអំណាច មានឥទ្ធិពលមិនព្រមចូលថ្លឹងនៅតាមស្ថានីយដែលបានពង្រាយនៅតាមផ្លូវជាដើម។

ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំមួយស្ដីអំពីវឌ្ឍនភាពលើការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ កិច្ចប្រជុំដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គណៈកម្មាធិការសម្របសម្រួល អចិន្រ្តៃយ៍ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។

ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ ឱ្យបានតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់ កម្រិត កំណត់ ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាកសាងផ្លូវថ្នល់ដោយលំបាក។

ពាក់ព័ន្ធការដឹកលើសទម្ងន់នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានដូរមន្ត្រីស្ថានីយថ្លឹងរថយន្តនៅទូទាំងប្រទេសផងដែរ។ បើទោះបីមានការព្រមាន ការដកតំណែងយ៉ាងណាក្តី តែការគ្រប់គ្រងរថយន្តដឹកលើសទម្ងន់នេះនៅតែជួបឧបសគ្គ ហើយមិនទទួលបានប្រសិទ្ធភាពខ្ពស់នោះឡើយ។

ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងស្ថានីយថ្លឹងរថយន្ត និងរថយន្តដឹកលើសទម្ងន់លើដងវិថី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងឈានមុខមួយលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើការផ្តល់សេវាផ្សេងៗនោះ ក៏កំពុងតែរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងស្ថានីយថ្លឹងរថយន្តផងដែរ។

លោក ហ៊ាង​ សុទ្ធាយុត្តិ​ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានសិក្សារយៈពេលជាងមួយឆ្នាំមកហើយ។ ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងស្ថានីយថ្លឹងរថយន្តធ្វើឡើង ដើម្បីឆ្លើយតបស្ថានភាពនៃគ្រប់គ្រងស្ថានីយថ្លឹងរថយន្តនាពេលបច្ចុប្បន្ន។

បើតាមលោក សុទ្ធាយុត្តិ ស្ថានភាពស្ថានីយថ្លឹងរថយន្តដែលកំពុងជួបប្រទះបច្ចុប្បន្ន មានដូចជាមន្ត្រីឃុបឃិតជាមួយឈ្មួញមិនថ្លឹងរថយន្ត រថយន្តមិនចូលស្ថានីយថ្លឹង ឬក្រុមឈ្មួញមានអំណាចមានឥទ្ធិពលសំឡុតគំរាមមន្ត្រីស្ថានីយជាដើម។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា ប្រព័ន្ធបច្ចេកវិទ្យានេះ គ្រោងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំនេះ ជាមួយស្ថានីយចំនួនពីរនៅជាយរាជធានីភ្នំពេញ ហើយអាចឈានទៅដាក់នៅស្ថានីយចំនួន១០នៅចុងឆ្នាំ។

លោក សុទ្ធាយុត្តិ បានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យានេះ នឹងធ្វើការតាមដានរថយន្តដែលធ្វើដំណើរតាមផ្លូវ និងតាមដានការអនុវត្តន៍ការងាររបស់មន្ត្រីស្ថានីយផងដែរ។ លោក ហ៊ាង សុទ្ធាយុត្តិ បានអះអាងថា ប្រព័ន្ធបច្ចេកវិទ្យាដែលក្រសួងបង្កើតឡើងនេះ វានឹងតាមដានមើលរថយន្តដឹកលើសទម្ងន់ ហើយមិនចូលថ្លឹង ហើយក៏តាមដាន និងរាប់រាល់រថយន្តចូលស្ថានីយផងដែរ។

លោក សុទ្ធាយុត្តិ មានជំនឿចិត្តថា នៅពេលប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នឹងធ្វើឱ្យការគ្រប់គ្រងរថយន្តរថយន្តដឹកលើសទម្ងន់កាន់តែមានប្រសិទ្ធភាព មន្ត្រីមិនអាចលាក់បាំងរបាយការណ៍រថយន្ត ឬឃុបឃិតជាមួយឈ្មួញមិនថ្លឹងរថយន្ត ហើយក៏មិនអាចប្រើវិធីលាំក់បាំងទម្ងន់លើរថយន្តបាននោះដែរ។ កាន់តែពិសេសរថយន្តដឹកលើសទម្ងន់មិនអាចគេចពីប្រព័ន្ធនេះបាននោះឡើយ៕

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន