(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើប្រជាពលរដ្ឋកម្ពុជា នាំគ្នាខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចឆ្លងជំងឺកូវីដ១៩ ប្រហែលមិនមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើន ដូចរាល់ថ្ងៃនេះទេ។

បច្ចុប្បន្ននេះ មួយថ្ងៃមនុស្សស្លាប់ជាង៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ដែលភាគច្រើនបណ្ដាមកពីការបើកបរដោយធ្វេសប្រហែស និងក្រោមឥទ្ធិពលនៃគ្រោះស្រវឹងជាដើម។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាពជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានថា បើពលរដ្ឋខ្មែរខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចជំងឺកូវីត១៩ នឹងកាត់បន្ថយការស្លាប់លើដងវិថី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំឯកភាពជាមួយឯកឧត្តម ខៀវ កាញារីទ្ធ ម្សិលមិញគាត់ប្រកាស គាត់ថាប្រសិនបើ ប្រជាពលរដ្ឋខ្មែរយើង ភ័យខ្លាចគ្រោះថ្នាក់ចរាចរណ៍ស្មើនឹងភ័យខ្លាចអាកូវីដ១៩ ប្រហែលជាជីវិតមនុស្សនៅគង់វង្សរាប់ពាន់នាក់ ហ្នឹងនិយាយការពិតខ្មែរយើង មិនបានយកការភ័យខ្លាចលើការគ្រោះថ្នាក់ចរាចរណ៍ ស្មើនឹងការភ័យខ្លាចកូវីដ១៩ទេ។ ឥលូវនាំគ្នាភ័យខ្លាចរឿងគ្រោះថ្នាក់ចរាចរណ៍វិញម្ដងមើល បើមិនកាត់បន្ថយការស្លាប់មនុស្ស»

សម្ដេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរភាគច្រើនខ្លាចរឿងដែលមិនត្រូវខ្លាច ដូចករណីជំងឺកូវីដ១៩ជាដើម រហូតដល់នាំគ្នាទៅទិញទំនិញ អង្ករ ដើម្បីមកស្ដុកទុកនៅក្នុងផ្ទះជាដើម ខណៈរហូតមកដល់ពេលនេះ កម្ពុជាទើបកើតមាន២ករណីប៉ុណ្ណោះ ដោយមួយករណីកើតមានចំពោះជនជាតិចិន ហើយត្រូវព្យាបាលជាសះស្បើយ និងករណីទី២ កើតលើជនជាតិខ្មែរនៅខេត្តសៀមរាប​។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ បានបង្កឲ្យមានការព្រួយបារម្ភខ្លាំង ព្រោះថាអត្រាគ្រោះថ្នាក់មានកំណើនខ្ពស់។ នៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាង ៤ពាន់ករណីនេះ បណ្តាលមកពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងប្រមាណ ៥ភាគរយ។

បើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ឆ្នាំ២០២០ បានកើតឡើងចំនួន៣៥៨លើក បណ្តាលឲ្យអ្នកស្លាប់ចំនួន ២០៦នាក់ និងរបួសចំនួន ៥៥៨នាក់។ មូលហេតុការបើកបរលើសល្បឿនកំណត់ ៤១ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ ១០ភាគរយ វ៉ាជែង ១១ភាគរយ បត់៧ភាគរយ កត្តាយានយន្ត ៣ភាគរយ៕