(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតដែលបង្ហោះចែកចាយ នៅលើបណ្ដាញសង្គម Facebook ដោយក្រុមអគិតថា មានអ្នកស្លាប់៧នាក់ ក្នុងមួយថ្ងៃ ដោយសារកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ព័ត៌មានដែលបានចែកចាយខាងលើ គឺជាការប្រឌិតទាំងស្រុង ហើយរហូតមកដល់ពេលនេះ ប្រទេសកម្ពុជាគ្មានអ្នកស្លាប់ដោយសារកូវីដ១៩នោះទេ។

រហូតមកដល់ពេលបច្ចុបន្ននេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ តែ ២ករណីប៉ុណ្ណោះ ក្នុងនោះមានទី១ គឺនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលត្រូវព្យាបាលជាសះស្បើយ ហើយចាកចេញពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ និងមួយករណីទៀត គឺនៅលើខ្លួនបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។

បុរសចុងក្រោយនេះ បានឆ្លងពីជនជាតិជប៉ុនម្នាក់ ដែលត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ ពេលចេញពីកម្ពុជាទៅដល់ព្រលានយន្តហោះ ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយសារតែបុរសជនជាតិខ្មែររូបនោះ គឺជាមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ខណៈដែលមនុស្ស ៣នាក់ទៀតមិនមានឆ្លងឡើយ។

ទោះជាយ៉ាងនេះក្តី បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល គឺក្រសួងនេះ នឹងបន្តតាមដានលើជនជាតិខ្មែរដែលមានជំងឺកូវីដ ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅមន្ទីរពេទ្យខេត្តសៀមរាប ហើយដែលពេលនេះគាត់មានសុខាភិបាលល្អធម្មតា។ លោកស្រីបញ្ជាក់ម្តងទៀតថា រហូតមកដល់ពេលនេះ មិនមានករណីកូវីដណាដែលឆ្លងបន្តពីជនជាតិខ្មែរ ឬបុរសជនជាតិជប៉ុនឡើយ៕