(ភ្នំពេញ)៖ ជាការយកចិត្តទុកដាក់សុខភាពប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជា ឱ្យក្រសួងសុខាភិបាល ត្រូវបង្កើនការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ នៅគ្រប់ច្រកចេញចូលទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺ កូរ៉ូណា ឬ Covid-19 ដែលកំពុងតែគំរាមកំហែងពិភពលោក។

ការបញ្ជាបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣,៤៥៨នាក់ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ក៏បានពីស្ថានភាពនៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះបានកើតមកលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប។ ជាមួយគ្នានោះ សម្តេចតេជោបានប្រាប់ឱ្យក្រសួងសុខាភិបាលកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ពីស្ថានភាពជំងឺកូវីដ-១៩នេះ ត្រូវពង្រឹងសេវាសុខាភិបាល ចំពោះប្រជាពលរដ្ឋអោយបានដិតដល់ ជាពិសេសរាល់ពេលដែលមានការទូរស័ព្ទទាក់ទងចូល ដើម្បីសួរនាំពីជំងឺកូវីដ១៩នេះ ត្រូវតែផ្តល់ព័ត៌មានឱ្យបានជាក់លាក់ជូនអ្នកជំងឺ ឱ្យទាន់ពេលវេលា មិនត្រូវរុញចុះរុញឡើងនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវ កុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចហួសហេតុពេកនោះទេពីជំងឺកូវីដ-១៩នេះ តែផ្ទុយទៅវិញ ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាពខ្លួនឯង ក្រុមគ្រួសារឱ្យបានល្អ ជាពិសេសអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាយ៉ាងដូច្នេះថា៖ «យើងមិនគ្រាន់តែមិនរើសអើងចំពោះជនជាតិរបស់យើងទេ ប៉ុន្តែយើងក៏មិនរើសអើងជនជាតិបរទេសដទៃទៀតនោះដែរ ប៉ុន្តែយើងត្រូវចាត់វិធានការណ៍ ដើម្បីពីនិត្យឱ្យច្បាស់លាស់មុនពេល ដែលគេចូលមកដល់ប្រទេសកម្ពុជា នៅតាមព្រលានយន្តហោះត្រូវតែដាក់នូវវិធានការណ៍ ដើម្បីពិនិត្យ ហើយការពិនិត្យទៀតសោត ក៏នៅតែបញ្ជាក់បន្ថែម បងប្អូនខ្លះចង់ឱ្យគេយកប្រដាប់ត្រួតពិនិត្យបាញ់ក្បាលម្នាក់ៗមួយ [...] អញ្ចឹងទេគ្រប់មាត់ច្រកទាំងអស់ នៅក្នុងប្រទេសរបស់យើង យើងត្រូវមានការរឹតបន្តឹងអំពីផ្នែកវេជ្ជសាស្ត្រ ដែលអង្គការសុខភាពពិភពលោកតម្រូវ យើងគ្មានការរើសអើង សម្រាប់ជនបរទេសណានោះទេ»

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគ (កូវីដ-១៩) នៅកន្លែងណាដែលត្រូវបាញ់ ជាពិសេសខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា៖ «ចាប់ផ្តើមពីមនុស្សម្នាក់យើង នាំគ្នាអនាម័យ សម្អាតពេញភូមិ កន្លែងណា ដែលអាចបាញ់ថ្នាំសម្លាប់មេរោគបាន គឺបាញ់។ សៀមរាប ខ្ញុំថា មិនយូរទេ យើងត្រូវប្រើវិធានការបាញ់សម្លាប់មេរោគ រួចហើយសៀមរាប ទេសចរណ៍ អាចដំណើរការឡើងវិញ»