(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងបញ្ជាក់ពីការបម្រុងទុកនូវកញ្ចប់ថវិកា ចាប់ពី៨០០លានដុល្លារ សម្រាប់រយៈពេល៦ខែ និង២ពាន់លានដុល្លារ សម្រាប់រយៈពេលវែងជាងនេះ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ប្រសិនបើករណីជំងឺ Covid-19 រីករាលដាសខ្លាំងឡើងនោះ។

ការថ្លែងបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ៣,៤៥៨នាក់ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបម្រុងទុកថវិកាតាមសេនារីយូទី១ និងទី២។ បើទី១ គឺត្រៀមបម្រុងប្រមាណជាជិត៨០០លានដុល្លារ ប្រសិនបើវិបត្តិជំងឺ Covid-19 អូសបន្លាយ៦ខែ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ហើយបើវាទៅដល់១ឆ្នាំ តើវាប៉ះពាល់ដល់សេដ្ឋកិច្ចយើងប៉ុណ្ណា? ហើយយើងត្រូវប៉ះប៉ូវប៉ុណ្ណា? អីចឹងវាស្ថិតនៅចម្លោះពី៨០០លាន ទៅ២ពាន់លានដុល្លារ ដែលយើងត្រៀមបម្រុង»

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញប្រែក្លាយការផ្ទុះឡើងនៃជំងឺ Covid-19 ក្លាយជាកាលានុវត្តន៍ភាព ឲ្យប្រជាជនចេះការពារខ្លួន ដោយចេះពង្រឹងការធ្វើអនាម័យឲ្យបានល្អ និងប្រែក្លាយការប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ឲ្យទៅជាកាលានុវត្តន៍ភាពផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីរំពឹងថា ពិភពលោកនឹងដោះស្រាយបាននូវបញ្ហាជំងឺ Covid-19 នេះឲ្យបានឆាប់ ដើម្បីស្រោចស្រង់បាននូវសេដ្ឋកិច្ច របស់ពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានក៏បញ្ជាក់ផងដែរ អំពីការត្រៀមបម្រុងថវិកាចំនួន៣០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលសម្រាប់ ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែផងដែរ ដែលចាប់គិតតាំងពីបច្ចុប្បន្ននេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងរំលឹកអំពីការសម្រេចកាត់បន្ថយការចំណាយ នៅតាមក្រសួងស្ថាប័នទាំងអស់ចំនួន៥០ភាគរយ លើកលែងតែក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងទីស្តីការគណៈរដ្ឋមន្ត្រី កាត់បន្ថយត្រឹម២៥ភាគរយ គឺការបន្ថយដើម្បីសន្សំថវិការបស់រដ្ឋ ក្នុងគ្រាដែលសេដ្ឋកិច្ចកម្ពុជា ជួបការលំបាកដោយវិបត្តិ Covid-19 ។

សូមជម្រាបថា ក្រោយការផ្ទុះឡើងនៃជំងឺ Covid-19 វិស័យសំខាន់ៗមួយចំនួន បានជួបនៅវិបត្តិដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះវិស័យសំខាន់២ ជួបបញ្ហាខ្លាំងជាងគេ គឺវិស័យទេសចរណ៍ ដែលជួបវិបត្តិស្ងាត់ភ្ញៀវ និងវិស័យកាត់ដេរ ដែលខ្វះវត្ថុធាតុដើមក្នុងការផលិត៕