(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងលោក ជេត ខេមរា ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង ជំនួសលោក ច្រឹង ខ្មៅ ដែលត្រូវផ្ទេរទៅកាន់មុខតំណែងជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំនៅក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី មានមតិផ្តាំផ្ញើដល់លោក ជេត ខេមរា ព្រះរាជអាជ្ញាថ្មីដែលទើបចូលកាន់តំណែង ត្រូវអនុវត្តតួនាទី ភារកិច្ចខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យច្បាប់ និងយុតិ្តធម៌ឲ្យកាន់តែល្អប្រសើរទ្បើង និងសំដៅធ្វើឲ្យកាន់តែទទួលបាននូវជំនឿទុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋលើវិស័យយុតិ្តធម៌។

លោក អង្គ វង្សវឌ្ឍនាក៏បានណែនាំផងដែរថា សុំឱ្យចៅក្រម ព្រះរាជអាជ្ញា ជៀសវាងនូវអគតិ ៤យ៉ាង ដែលជាគ្រឿងនាំឲ្យវិនាសអន្តរាយ រួមមាន៖

*ទី១ ៖ លំអៀង ព្រោះស្រលាញ់
*ទី២ ៖ លំអៀងព្រោះស្អប់
*ទី៣ ៖ លំអៀង ព្រោះមិនយល់
*ទី៤ ៖ លំអៀងព្រោះខ្លាចអំណាចបុណ្យស័ក្កិ។

ប្រសិនបើចៅក្រម ព្រះរាជអាជ្ញារូបណា មិនចៀសវាងឱ្យផុតពីអគតិ៤នេះទេ ព្រះរាជអាជ្ញា ចៅក្រមទាំងនោះ នឹងជួបនូវភាពអពមង្គល ប៉ុន្តែប្រសិនបើចៀសវាងបាន នូវអគតិទាំង ៤នេះ នឹងមានសេរីមង្គលជារៀងរហូត។

ក្នុងពិធីនោះផងដែរ លោក ម៉ុម សារឿន បានសម្ដែងការគាំទ្រ និងសង្ឃឹមថា លោកជេត ខេមរា ជាព្រះរាជអាជ្ញាថ្មី មកបំពេញការតព្វកិច្ច ក្នុងវិស័យយុត្តិធម៌ ជូនប្រជាជាតិប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

លោក ជេត ខេមរា ព្រះរាជអាជ្ញាថ្មី បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែង បំពេញកាតព្វកិច្ចការងារ គោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងខិតខំបម្រើសេវាកម្មយុត្តិធម៌ ដល់ជាតិមាតុភូមិ ប្រជាពលរដ្ឋ និងមន្ត្រីរាជការឲ្យបានល្អប្រសើរផងដែរ៕