(កំពត)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហត្តរាយ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធី បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៩ និងទិសដៅការងារបន្តឆ្នាំ២០២០ របស់ខេត្តកំពត។ ក្នុងពិធីនេះក៏មានការចូលរួមគណៈប្រតិភូ ក្រសួងធនធានទឹក ក្រសួងកសិកម្ម អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធ សមាជិកសមាជិការ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។

លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានឲ្យដឹងថា នៅឆ្នាំ២០១៩កន្លងទៅខេត្តបានជួបគ្រោះមហន្តរាយរួមមាន៖

*ជំនន់ទឹកភ្លៀង៖ ប៉ះពាល់ ក្រុង-ស្រុក ចំនួន ៤ឃុំ-សង្កាត់ ចំនួន ១៨ប៉ះពាល់ប្រជាជន ៤,៤៤៦គ្រួសារ ស្មើនឹង ៤,៤៤៦ខ្នងផ្ទះ ស្រូវ១,៩៦៤ ហ.ត
*អគ្គិភ័យ កើតឡើង ១៤លើក បណ្តាលឲ្យឆេះផ្ទះ ១៨ខ្នង ស្លាប់១នាក់
*រន្ទះបាញ់ ៣លើក ស្លាប់ ២នាក់ របួស១នាក់
*ខ្យល់កន្ត្រាក់ ៣លើក របើកដំបូលផ្ទះ ២១ខ្នង។

ជាការឆ្លើយតបទៅនឹងស្ថានភាពខាងលើគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា រួមគ្នាចុះជួយបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។

ក្នុងនាមសម្តេចតេជោ ទេសរដ្ឋមន្ត្រីបាននាំការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។

ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ ក្នុងការឆ្លើយតបទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងរយៈពេលកន្លងមក ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធដើម្បីត្រៀមរៀបចំជាមុន ដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុបសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

អនុវត្តតាមអនុក្រឹត្យលេខ ១៨៨ អនក្រ.បក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ។ ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងត្រៀមសម្ភារ: ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះអោយបានរហ័ស និងទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង ពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា៕