(ភ្នំពេញ)៖ ស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជាគឺ អ្នកនាង ហ៊ុន សុកញ្ញា បានក្លាយជាវាគ្មិនក្នុងពិធីសម្ពោធជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ «កិច្ចពិភាក្សាអាជីពនៅថ្ងៃអង្គារ៍ (Career Tuesday)» ក្នុងអង្គការសុវណ្ណកុមារ។

ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកម្មវិធីថ្មីនៃសកម្មភាពលើកកម្ពស់ការផ្តោតលើយុវជន ដែលមានគោលបំណងបណ្តុះបណ្តាលជំនាញទន់ទាំងឡាយ រួមទាំងការងារជាក្រុម និងការដោះស្រាយបញ្ហាដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីជួយយុវជនពេញមួយជីវិតរបស់ពួកគេ។

យុវជនប្រមាណជាង ៣០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ «កិច្ចពិភាក្សាអាជីពនៅថ្ងៃអង្គារ៍» ដំបូងនេះ។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺសម្រាប់ការសួរនាំអ្នកជំនាញមកពីវិស័យផ្សេងៗគ្នា ដើម្បីណែនាំយុវជនអាយុពី ១៤ ទៅ ១៨ ឆ្នាំ ទៅរកឱកាសការងារនាពេលអនាគត។

អ្នកនាង ហ៊ុន សុកញ្ញា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងធ្លាប់បានបម្រើការងារនៅសាកលវិទ្យាល័យលីមកុកឃីង នៃបច្ចេកវិទ្យាច្នៃប្រឌិត និងជាសហការីស្រាវជ្រាវជាន់ខ្ពស់នៅ Khmer Architecture Tours និង Space for Architecture Cambodia។ បច្ចុប្បន្ន អ្នកនាងកំពុងធ្វើការនៅសាលារាជធានីភ្នំពេញ និងគំរោងភាពជាដៃគូរបស់សមាគមអន្តរជាតិ Association Internationale des Maires Francophones (AIMF)។

អ្នកនាង ហ៊ុន សុកញ្ញា បានណែនាំយុវជនសុវណ្ណកុមារពីការសាងសង់តាមបែបខ្មែរ និងលោកខាងលិច។ អ្នកនាងក៏បានបង្ហាញពីរបៀប ដែលអគារត្រូវបានបំផុសគំនិតឡើង និងទាក់ទងនឹងធម្មជាតិ ដោយលើកឧទាហរណ៍ពីបណ្ណាល័យសាកលវិទ្យាល័យទំនើបមួយ នៅរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានសាងសង់ឡើងស្រដៀងនឹងដើមឈើ និងរបៀបដែលអគារនៅកោះបាលី ត្រូវបានសាងសង់ចេញពីវត្ថុធាតុដើមធម្មជាតិ ដូចជាឫស្សី។

ព្រឹត្តិការណ៍បានបញ្ចប់ដោយវគ្គសំណួរ និងចម្លើយ ដោយមានអ្នកចូលរួមជាង ៣០នាក់ បានសួរសំណួរទាក់ទងនឹងបញ្ហាដែលស្ថាបត្យករជួបប្រទះ តើត្រូវចំណាយពេលប៉ុន្មានដើម្បីហ្វឹកហាត់ ហើយក្នុងនោះតើមានវិន័យអ្វី ដែលស្ថាបត្យករចាំបាច់ត្រូវតែរឹងមាំ។

ខណៈពេលដែលជំនាញវិជ្ជាជីវៈមានច្រើនសម្រាប់យុវជនកម្ពុជា តែវាមិនច្បាស់លាស់ជានិច្ចទេ ទើបបានជា Career Tuesday នាពេលអនាគតនឹងមានសហគ្រិន បុគ្គលិកសុខាភិបាល មេធាវី សិល្បករ អ្នកការទូត អ្នកជំនាញព័ត៌មានវិទ្យា អ្នកកែសម្ផស្ស អ្នកសិប្បករ និងអ្នកជំនាញដទៃទៀតជាច្រើនដែលអាចជួយធ្វើឱ្យអនាគតកាន់តែមានជោគជ័យ។

Career Tuesday ឬកិច្ចពិភាក្សាអាជីពនៅថ្ងៃអង្គារ មិនគ្រាន់តែជាគំនិតផ្តួចផ្តើមមួយនៃគំនិតផ្តួចផ្តើមជាច្រើន ដែលផ្តល់លើសេចក្តីថ្លែងការណ៍បេសកកម្មរបស់អង្គការអន្តរជាតិ Sovann Komar LLC ដែលដំណើរការនៅភូមិកុមារ ដើម្បីបង្កើតបរិយាកាសមួយដែលផ្តល់នូវផ្ទះ ដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានបោះបង់ចោល ប៉ុន្តែកុមារថែមទាំងអាចអភិវឌ្ឍន៍បានទាំងរាងកាយ បញ្ញា អារម្មណ៍ និងខាងវិញ្ញាណ ដល់ពេញនូវសក្តានុពលរបស់ពួកគេ៕