(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» ក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ ធូ សារឿន ប្រធាននាយកដ្ឋាន និងលោកស្រី ព្រមទាំងមានការចូលរួម ពីអនុប្រធាននាយកដ្ឋាន និងមន្រ្តីនគរបាលជានារីចុះឲ្យនាយកដ្ឋានសរុបចំនួន ៥៦នាក់។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋាន បានលើកឡើងថា យុទ្ធនាការថ្ងៃទី ៨ មីនា ជាព្រឹត្តិការណ៍សកលលោក ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាថ្ងៃរៀបចំយុទ្ធនាការទិវាអន្តរជាតិ ស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។

ជារៀងរាល់ឆ្នាំកម្ពុជារៀបចំឡើង ក្នុងគោលបំណងដើម្បីរំលឹកឡើងវិញនូវការតស៊ូរបស់វីរស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ មនុស្សធម៌នៅក្នុងសង្គម ដែលជាលទ្ធភាព ធ្វើឲ្យស្ត្រីទទួលបានការគោរពសិទ្ធិសេរីភាព និងការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាព លើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ ក្នុងការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផលបញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអងអាចដល់ស្ត្រី និងក្មេងស្រី ដើម្បីឲ្យពួកគាត់ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោកឧត្តមសេនីយ៍ទោ បានថ្លែងបន្តទៀតថា សន្តិភាព គឺជាធាតុផំ្សដ៏សំខាន់សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍ ក្នុងខណៈបោះជំហានលើមាគារ នៃការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់សន្តិភាពដែលធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានផ្លែផ្កាពីសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោកបានបញ្ជាក់ថា នារីមានសិទ្ធិស្មើបុរស នារីក៏អាចធ្វើការដឹកនាំប្រទេសបានដែរ នៅក្នុងពិភពលោក ក៏មាននារីក្នុងនាមជាអ្នកដឹកនាំ ហេតុដូច្នេះយើងត្រូវឲ្យតម្លៃនារីជាស្រ្តីមាតាពិភពលោក។

លោកប្រធាននាយកដ្ឋាន ក៏បានអំពាវនាវមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមជួយមានវិធានការ ដើម្បីទប់ស្កាត់នៅរាល់អំពើហិង្សា ជាពិសេសអំពើហិង្សាទៅលើផ្លូវភេទតាមមូលដ្ឋានហើយករណី នេះក៏ជាប្រធានបទមួយដែល ក្រសួងកិច្ចការនារី បានលើក ឡើងនៅក្នុងឆ្នាំ២០២០នេះដែរ៕