(ភ្នំពេញ)៖ ការវាយតម្លៃរួមមួយ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ ដោយបញ្ជាក់ថា មេរោគកូវីដ១៩ (Covid-19) នៅមិនទាន់បានរាតត្បាតចូល សហគមន៍កម្ពុជានៅឡើយទេ ទោះបីជាក្រសួងសុខាភិបាលបានរកឃើញថា មានជនជាតិខ្មែរម្នាក់ឆ្លងជំងឺកូវីដពីជនជាតិជប៉ុនក៏ដោយ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃនេះ។

ការវាយតម្លៃនេះ បានធ្វើឡើងជារួមបន្ទាប់ពីមានកិច្ចប្រជុំរវាង តំណាងក្រសួងសុខាភិបាលកម្ពុជា តំណាងអង្គការសុខាភិបាលពិភពលោក តំណាងមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) និងវិទ្យាស្ថានប៉ាស្ទ័រ នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី០៩ ខែមីនានេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តទៅលើមនុស្សចំនួន២២នាក់ផ្សេងទៀត ដែលបានស្និទ្ធស្នាលនឹងជនជាតិខ្មែរ និងជនជាតិជប៉ុន ដែលឆ្លងជំងឺកូវីដ១៩ ឃើញថាអវិជ្ជមានទាំងអស់។

បើតាម លោកស្រី ឱ វណ្ណឌីន, ការវាយតម្លៃខាងលើនេះ បានកើតចេញពីការស្រាវជ្រាវយ៉ាងសកម្មរបស់ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ តាំងពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ មកដល់ពេលនេះ ដោយឈានដល់ការសន្និដ្ឋានថា មេរោគសាហាវកូវីដ១៩ នៅមិនទាន់មានការឆ្លងដល់សហគមន៍កម្ពុជានៅឡើយទេ។

រហូតមកដល់ពេលបច្ចុបន្ននេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ តែ២ករណីប៉ុណ្ណោះ ក្នុងនោះមានទី១ គឺនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលត្រូវព្យាបាលជាសះស្បើយ ហើយចាកចេញពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ និងមួយករណីទៀត គឺនៅលើខ្លួនបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។ បុរសចុងក្រោយនេះ បានឆ្លងពីជនជាតិជប៉ុនម្នាក់ ដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ ពេលចេញពីកម្ពុជាទៅដល់ព្រលានយន្តហោះ ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយសារតែបុរសជនជាតិខ្មែររូបនោះ គឺជាមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ខណៈដែលមនុស្ស៣នាក់ទៀតមិនមានឆ្លងឡើយ។

ទោះជាយ៉ាងនេះក្តី បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល គឺក្រសួងនេះ នឹងបន្តតាមដានលើជនជាតិខ្មែរដែលមានជំងឺកូវីដ ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកមួយ នៅមន្ទីរពេទ្យខេត្តសៀមរាប ហើយដែលពេលនេះគាត់មានសុខាភិបាលល្អធម្មតា។

លោកស្រីបញ្ជាក់ម្តងទៀតថា រហូតមកដល់ពេលនេះ មិនមានករណីកូវីដណាដែលឆ្លងបន្តពីជនជាតិខ្មែរ ឬបុរសជនជាតិជប៉ុនឡើយ៕