(ភ្នំពេញ)៖ កម្លាំងនគរបាលនឹងចាប់ផ្តើមត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង តាមគោលដៅសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទនេះ ចាប់ម៉ោង១១យប់ រហូតដល់ម៉ោង ២៖៣០នាទីរំលងអាធ្រាត្រ។ នេះបើតាមរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ធ្លាប់បានបញ្ជាក់ថា វិធានការនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដែលជាបច្ច័យមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។

គ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានការព្រួយបារម្ភខ្លាំង ព្រោះថាអត្រាគ្រោះថ្នាក់មានកំណើនខ្ពស់។ នៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន ៤,១២១លើក សម្លាប់មនុស្ស ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាង ៤ពាន់ករណីនេះ បណ្តាលមកពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងប្រមាណ ៥ភាគរយ។

យោងតាមមាត្រា ៧៧ថ្មី នៃច្បាប់ស្តីចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរយានយន្តពេលខ្លួនស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០.៤០មិល្លីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវពិន័យជាប្រាក់ ២០ម៉ឺនរៀល សម្រាប់អ្នកបើកបរម៉ូតូ ម៉ូតូកង់បី ឬម៉ូតូសណ្តោងរ៉ឺម៉ក, ៤០ម៉ឺនរៀល សម្រាប់យានយន្តធុនស្រាល និង ៨០ម៉ឺនរៀល សម្រាប់យានយន្តធុនធ្ងន់។

ដោយឡែកជនបើកក្រោមឥទ្ធិពលជាតិស្រវឹង ហើយធ្លាប់ទទួលរងការពិន័យម្តងរួចមកហើយ តែនៅតែបន្តប្រព្រឹត្តខុសក្នុងកំលុងពេល៦ខែរាប់ពីការពិន័យលើកមុននោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ទៅ ៤លានរៀល៕