(ពោធិ៍សាត់)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ ហាមដាច់ខាតមិនឱ្យឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករនិយោជិត ក្នុងពេលព្យួរការងារនេះឡើយ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងម្ចាស់បុរី ឬម្ចាស់ផ្ទះ ក៏សូមមានការយោគយល់ចំពោះកម្មករផងដែរ។

ការថ្លែងអំពាវនាវយ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងនាឱកាសប្រារព្ធពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់។

នាឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានពាំនាំដំណឹងល្អមួយថា មិត្តចិនបានរៀបចំនាវាចំនួន ៧គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមយកមកផ្គត់ផ្គង់រោងចក្រ សហគ្រាសនៅកម្ពុជា។ ជាក់ស្ដែង នៅថ្ងៃនេះផ្ទាល់នាវាបានចាប់ផ្ដើមចូលជើងទី១ ថ្ងៃស្អែកចូលជើងទី២ ហើយក្នុងចំណោមនាវាទាំង៧គ្រឿងនេះ មាន ៥គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ចំណែកនាវា ២គ្រឿងទៀត ចូលចតនៅកំពង់ផែនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សម្ដេចតេជោបានពន្យល់ថា បានជានាវា ២គ្រឿង ត្រូវចូលតាមកំពង់ផែហូជីមិញ ដោយសារត្រូវដឹកវត្ថុធាតុដើមបន្តចូលមកតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង ដែលនៅជិត និងងាយស្រួលជាងចូលតាមកំពង់ផែព្រះសីហនុ។

ការដឹកវត្ថុធាតុដើមនេះមិនត្រឹមតែធ្វើក្នុងខែមីនានេះប៉ុណ្ណោះទេ គឺដឹកជញ្ជូនរហូតដល់ខែឧសភា ពោលគឺរហូតដល់សភាពការណ៍ធូរស្រាលឡើងវិញ ដែលនេះជាសញ្ញាវិជ្ជមានបង្ហាញថា ចង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនានារបស់កម្ពុជា ជិតបានបើកដំណើរការឡើងវិញហើយ ខណៈការព្យួរការងារកម្មករនិយោជិតនៅបន្តនៅឡើយ។

ក្នុងពេលដែលការព្យួរការងាររបស់កម្មករនិយោជិតនៅតែបន្តមាននោះ សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណើចំនួន ៣ចំណុច ដល់ក្រសួង ស្ថាប័ន គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រកាន់នូវការយោគយល់ចំពោះកម្មករនិយោជិតក្នុងដំណាក់កាលលំបាកនេះ ក្នុងនោះរួមមាន៖

* ទី១៖ ម្ចាស់រោងចក្រ សហគ្រាសនានា ក្នុងពេលព្យួរការងាររបស់កម្មករនិយោជិត សូមកុំឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករ ក្នុងពេលវេលាដែលកម្មករជួបការលំបាក។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «សូមឱ្យគោរពឱ្យបានហ្មត់ចត់ ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានប្រកាសរួចហើយដែរ ហ្ចឹងឆ្លៀតពេលផ្អាកការងារ ឬព្យួរការងារនេះ សូមកុំលុបកិច្ចសន្យាការងារចោល, រឿងនេះកុំឱ្យមានឱ្យសោះ»

* ទី២៖ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ត្រូវលើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវបានព្យួរការងារ ពីព្រោះពួកគេត្រូវព្យួរការងារហើយ ដូច្នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារត្រូវពន្យារការសង ឬមិនយកការប្រាក់ក៏រឹតតែល្អ។

សម្ដេចតេជោបានថ្លែងបន្តថា «អ្នកដែលទទួលរងផលប៉ះពាល់មានមិនដល់ ២០,០០០នាក់ទេ ក្នុងចំណោមនេះអាចថា ៥០% ចុះ ដែលខ្ចីលុយពីធនាគារ និងមីក្រូហិរញ្ញវត្ថុ»។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាទៅកាន់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ ត្រូវបើកកិច្ចប្រជុំបន្ទាន់មួយ ពិសេសត្រូវតាមដានត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់បំផុត។

*ទី៣៖ ម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ ឬបង់រម្លស់ផ្ទះឱ្យកម្មករនិយោជិត និងអ្នកធ្វើការនៅតាមសណ្ឋាគារនានា ដែលត្រូវព្យួរការងារដូចគ្នានោះ ក៏សូមយោគយល់ពន្យារពេលសង ឬបង់រម្លស់នេះផង៕