(ភ្នំពេញ)៖ លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញដីកាសម្រេចឲ្យឃុំខ្លួនយុវជនម្នាក់ ដែលចែកចាយរូបភាព និងវីដេអូអាសអាភាសព្រោងព្រាតតាមបណ្តាញសង្គម Telegram ដាក់ពន្ធនាគារ។ នេះបើតាមដីការបស់លោកចៅក្រម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

យុវជន យល់ ធារ៉ា ត្រូវបានតំណែងចោទប្រកាន់ពីបទ «ផលិត រក្សាទុក និងចែកចាយរូបភាព វីដេអូ (អាសអាភាសតាមប្រព័ន្ធសង្គមបច្ចេកវិទ្យា) តាមមាត្រា៤០ និងមាត្រា ៤១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សូមបញ្ជាក់ថា ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនយុវជនម្នាក់ ដែលបង្ហោះចែកចាយរូបភាព និងវីដេអូអាសអាភាសយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម Telegram។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា យុវជន យល់ ធារ៉ា អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងចាប់ខ្លួន នៅតាមផ្លូវ៦០ម៉ែត្រ ភូមិអង្លង់កងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា បានបង្កើតគណនី Telegram ក្លែងក្លាយដោយប្រើប្រាស់ឈ្មោះ Kyoun Eduy ហើយបានបង្កើតគ្រុប Telegram ជាច្រើនដែលគ្រុបខ្លះ មានសមាជិករហូតដល់ ជាង ១ម៉ឺននាក់ ដើម្បីបង្ហោះចែកចាយរូបភាព និងវីដេអូអាសអាភាសយ៉ាងសកម្មក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram។

បើយោងតាមរបាយការណ៍ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ក្រោមការបញ្ជាពីសំណាក់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ផងដែរថា ការប្រើប្រាស់ទំនាក់ទំនង Telegram ដោយចែកចាយរូបភាព និងវីដេអូអាសអាភាសនេះ ផ្ទុយនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃរបស់ស្ត្រីខ្មែរ ដែលមានទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌ដ៏រុងរឿង។

កាលពីពេលប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោភផងដែរ។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕