(ព្រៃវែង)៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា លើកទី១០៩ ក្រុមការងារស្រុកបាភ្នំ ដែលមានលោក ព្រុំ សុខា ជាប្រធាន រួមដំណើរដោយលោកស្រី គង់ សាឡន អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងមន្ត្រីរាជការស្រុក មន្ត្រីឃុំ ភូមិ ព្រមទាំងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាពឃុំ បានចុះទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋជាស្ត្រី និងបុរសដែលមានវ័យចំណាស់ កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ ក្នុងឃុំស្ពឺ (ក) និងឃុំស្ពឺ (ខ) ចំនួន ៨០នាក់។

បន្ទាប់ពីបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋជាឪពុកម្តាយចាស់ៗ ដែលបានខិតខំរក្សាជីវភាពរស់នៅ ដោយក្តីសុខក្សេមក្សាន្តក្នុងមូលដ្ឋាន ជាមួយការធ្វើស្រែចំការ ច្បារដំណាំ និងការជួយចិញ្ចឹមបីបាច់ថែរក្សាចៅតូចៗ ដែលឪពុកម្តាយរបស់ពួកគេជាពលករចំណាកស្រុក រាប់រយនាក់កំពុងបំពេញការងារ នៅក្នុងនិងក្រៅប្រទេសរួចមក លោកប្រធានក្រុមការងារ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសភាពការណ៍រួមរបស់ប្រទេសជាតិ ដែលកំពុងបន្តមានការវិវដ្តរីកចម្រើន យ៉ាងរឹងមាំក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ហេតុនេះ យើងទាំងអស់គ្នាត្រូវបន្តរួមសាមគ្គី ការពារសុខសន្តិភាពឱ្យបានរឹងមាំ ដោយចាប់ផ្តើមពីការចូលរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ចូលរួមរក្សាអនាម័យតាមគ្រួសារ ដើម្បីបង្ការទប់ស្កាត់ជំងឺដង្កាត់ផ្សេងៗ លើកស្ទួយ សុខភាពសាធារណៈក្នុងសហគមន៍ សំដៅជំរុញការអភិវឌ្ឍមូលដ្ឋានភូមិ ឃុំឱ្យមានចីរភាពជារៀងដរាប។

ដោយឡែក ចំពោះការវិវដ្តនៃស្ថានការណ៍ចុងក្រោយ ដែលបណ្តាលមកពីផលប៉ះពាល់ពីខាងក្រៅប្រទេស ពាក់ព័ន្ធនឹងបញ្ហា Covid-19 និងការព្យួរមួយផ្នែកនៃភាពអនុគ្រោះពន្ធ EBA លោកប្រធានក្រុមការងារស្រុកបាភ្នំបាន ធ្វើការគូសបញ្ជាក់ច្បាស់ពីជំហរទទួលខុសត្រូវ និងការចាត់វិធានការចាំបាច់ប្រកប ដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំនះដោះស្រាយបញ្ហាប្រឈមទាំងអស់នោះឱ្យខាងតែបាន។

បញ្ហាសំខាន់នៅពេលនេះ គឺយើងទាំងអស់គ្នាត្រូវមានជំនឿជឿជាក់លើកំលាំងខ្លួនឯង លើសមត្ថភាពនិងបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់កន្លងមកដែលច្បាស់ណាស់ កំលាំងសាមគ្គីប្រជាជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាគឺពិតជាអាចធានាធ្វើឱ្យដំណើរជាតិកម្ពុជារបស់យើងនៅតែបន្តជំហានទៅមុខទៀតយ៉ាងស្វាហាប់ក្រោមម្លប់សុខសន្តិភាព នៅលើផ្លូវប្រជាធិបតេយ្យ សេរី ពហុបក្សនិងនីតិរដ្ឋជាក់ជាមិនខាន។

ក្នុងឱកាសនោះ ក្រុមការងារក៏បានជូនអំណោយដល់អ្នកចូលរួមម្នាក់ៗនូវខោអាវ០១សម្រាប់ និងប្រាក់ចំនួន៥ម៉ឺនរៀលផងដែរ៕