(កណ្ដាល)៖ នគរបាលស្រុកលើកដែក ខេត្តកណ្តាល បានបង្ក្រាបបានករណីចែកចាយថ្នាំញៀនមួយករណី ដោយឃាត់ខ្លួនយុវជនបាន ៣នាក់ គេចខ្លួនម្នាក់ រកឃើញថ្នាំញៀនចំនួន ២៩កញ្ចប់ ក្នុងនោះមាន ៣កញ្ចប់ធំ ខណៈការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១៤ មុខវត្តព្រែកទន្លាប់ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនសង្ស័យទាំ ៤នាក់មានឈ្មោះដូចខាងក្រោម៖
*ឈ្មោះ វន សំណាង អាយុ២៤ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល
*ឈ្មោះ ភាព មករា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល
*ឈ្មោះ ថេត សុថៃ អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល
*ឈ្មោះ ផាន សុផៃ អាយុ៣៩ឆ្នាំ មានទីលំនៅ ក្នុងភូមិ ឃំុកើតហេតុខាងលើ បានគេចខ្លួន ។

នគរបាលបានរៀបរាប់ប្រាប់ Fresh News ពីសភាពរឿងហេតុថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានល្បាតតាមផ្លូវជាតិលេខ១៤ ពេលដល់ចំណុចខាងមុខវត្តព្រែកទន្លាប់ ក៏ប្រទះឃើញជនសង្ស័យ ទាំងបីនាក់ខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន បន្ទាប់មកកម្លាំងបានដេញតាមចាប់ឃាត់ខ្លួនបានឈ្មោះ ភាព មករា និង ឈ្មោះ ថេត សុថៃ រួមទាំងថ្នាំញៀន ចំនួន០៣កញ្ចប់ ក៏ធ្វើការនាំខ្លួនមកអធិការដ្ឋានដើម្បីសួរនាំ ។ បន្ទាប់មកជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ វន សំណាង ចំនួន០៣កញ្ចប់ ដែលមានតម្លៃ ១២០.០០០៛(ដប់ពីរម៉ឺនរៀលគត់)។

ភ្លាមនោះកម្លាំងបានចុះប្រតិបត្តិការឃាត់ខ្លួនឈ្មោះ វន សំណាង និងបានឆែកឆេររកឃើញថ្នាំញៀនចំនួន ២៦កញ្ចប់ ដែលជនសង្ស័យលាក់ទុកសម្រាប់លក់ បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វន សំណាង បានឆ្លើយសារភាពថាខ្លួនបានលក់ថ្នាំញៀនចំនួន០៣កញ្ចប់ ក្នុងតម្លៃ ១២០.០០០៛(ដប់ពីរម៉ឺនរៀលគត់)ឲ្យទៅឈ្មោះ ភាន មករា និង ឈ្មោះ ថេត សុថៃ ប្រាកដ មែន ចំណែកថ្នាំញៀនដែលលាក់នៅក្នុងបន្ទប់របស់ខ្លួនគឺ ខ្លួនបានទិញពីឈ្មោះ ផាន សុផៃ និង ទិញពីភ្នំពេញ ដើម្បីយកមករំលែកលក់បន្ត ។

ករណីនេះផ្នែកជំនាញបានកសាងសុំណុំរឿងតាមនីតិវិធី៕