(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានថ្វាយសារលិខិតជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ ទិវាអន្ដរជាតិនារី ០៨មីនា ឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវកតញ្ញតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា និងទឹកព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌ ដែលទ្រង់តែងតែលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់របស់ទ្រង់ ដើម្បីលើកកម្ពស់តម្លៃស្ដ្រីក្នុងសង្គមជាតិ ពិសេសក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច សុខុមាលភាព និងសេចក្ដីសុខក្សេមក្សាន្ដ ជូនប្រជារាស្ដ្រខ្មែរទូទាំងប្រទេស។

ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកនៃរដ្ឋសភា សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមប្រោះព្រំព្រះរាជសព្ទសាធុការ ពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ៕