(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ស្ដ្រីបានដើរតួនាទីយ៉ាងសំខាន់ណាស់ ដែលមិនអាចខ្វះបានឡើយក្នុងសង្គម ជាក់ស្ដែងនៅក្រសួងសុខាភិបាល មានបុគ្គលិកជាស្ដ្រីសរុបជិត ៦០% ដែលបាននឹងកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីជួយជំរុញដល់វិស័យសុខាភិបាលមួយនេះ កាន់តែមានភាពល្អប្រសើរ ។

ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាស ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ទិវាអន្ដរជាតិនារី៨មីនា ជាទិវាមួយដែលក្រសួងសុខាភិបាល តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹក ពីការតស៊ូរបស់នារី ដែលជាពលករទូទាំងសកលកលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិស្មើគ្នា រវាងបុរស និងស្ដ្រី។ ម្យ៉ាងទៀត ដើម្បីបញ្ជាក់ពីការចូលរួមរបស់ស្ដ្រី ដែលជាធនធានដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម ក្នុងការចូលរួមចំណែក ឈានទៅអភិវឌ្ឍប្រទេសជាតិ។

ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់ខ្លាំង ក្នុងការងារបញ្ជ្រាបយេនឌ័រ លើគ្រប់វិស័យទូទាំងកម្ពុជា ។ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានដាក់ចេញនូវគោលនយោបាយ ចំពោះស្រ្ដីមានផ្ទៃពោះ ជាមន្ដ្រីរាជការ ស៊ីវិល នគរបាល និងយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលផងដែរ។ លើសពីនោះ ក៏នឹងមានប្រាក់ឧបត្ថម្ភ សម្រាប់ស្ដ្រីក្រីក្រ ចាប់តាំងពីពេលពរពោះ រហូតដល់ពេលក្រោយសម្រាលផងដែរ។

ទន្ទឹមនឹងនោះ រដ្ឋមន្រ្ដីសុខាភិបាល បានជំរុញលើកទឹកចិត្ដ និងស្នើដល់ស្ដ្រីៗ ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកនៅក្នុងការបំពេញការងារកាន់តែល្អប្រសើរ ដើម្បីបង្កើននូវភាពសុខុដុមរមនាបន្ថែមទៀត នៅក្នុងស្ថាប័នការងារ៕