(ភ្នំពេញ)៖ អង្គការ NPA និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានហត្ថលេខាលើកិច្ចសហប្រតិបត្តិជាដៃគូ លើគម្រោងស្រាវជ្រាវព័ត៌មាន និងបោសសម្អាតសំណល់គ្រាប់បែកចង្កោម។

ការចុះកិច្ចសហប្រតិបត្តិជាដៃគូនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គម្រោងនេះមានរយៈពេល១២ខែ (ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) គាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងមានថវិកាគាំទ្រគម្រោងចំនួន១.៦ដុល្លារអាមេរិក។

លោកបន្តថា គម្រោងនេះនឹងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ ស្ទឹងត្រែង តាកែវ និងខេត្តព្រៃវែង ហើយរំដោះផ្ទៃដីបានចំនួន១៩,០១៦,៩៣២ម៉ែត្រក្រឡា ស្រាវជ្រាវផ្ទៃដីចំនួនប្រមាណ៣០គីឡូម៉ែត្រក្រឡា និងត្រូវប្រើប្រាស់កម្លាំងប្រតិបត្តិការ ចំនួនប្រមាណ២៣០នាក់។

សូមរំលឹកថា សំរាប់រយៈពេល១២ខែកន្លងមក (ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០) គំរោងនេះសំរេចបានលទ្ធផល បានល្អដោយការរំដោះផ្ទៃដីបាន១០២%នៃផែនការការងារស្រាវជ្រាវព័ត៌មាន សំរេចបាន១៥១%នៃផែនការ។ ពោលគឺរំដោះផ្ទៃដីបានចំនួនជាង២,៧៣៣ហិចតា ដោយរុករកឃើញគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទMKចំនួន៤៥គ្រាប់ គ្រាប់បែកចង្កោម៥,៩៩៨គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ (UXO) ចំនួន១១,៩៨៨គ្រាប់។

ការងារស្រាវជ្រាវព័ត៌មានបាន៧៦១ភូមិ រកឃើញ១,១០៣ទីតាំង ដែលបញ្ហារងការគំរាមកំហែងដោយសារគ្រាប់ និងគ្រាបមីន ដែលគិតជាផ្ទៃដីប្រមាណ១៩,១០០ហិចតា។ សមិទ្ធិផលនេះបានចេញពីកិច្ចសហការយ៉ាងល្អ ជាមួយអង្គការ NPA និងការគាំទ្រផ្តល់ជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដូចគ្នានឹងឆ្នាំ២០២០នេះផងដែរ៕