(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី សូមជំរាបជូនសាធារណជនតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះករណីមានការភ្ញាក់ផ្អើលបុរសម្នាក់ដួលសន្លប់នៅក្រោមដើមត្របែកព្រៃក ក្បែរផ្លូវព្រះមុនីវង្ស នៅមុខផ្ទះលេខ 693Eo សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៅវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ គឺជាករណីស្រវឹងស្រាតែប៉ុណ្ណោះ មិនពាក់ព័ន្ធករណី Covid-19 នោះទេ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រពន្ធរបស់គាត់មកលើករូបគាត់ឲ្យអង្គុយហើយ ប្រពន្ធគាត់ក៏បានយកប្រេងក្រឡាមករឹត ហើយបានរៀងធូរបន្តិច ទើបរូបគាត់ជាប្រពន្ធបានហៅកង់បី មកដឹងចេញទៅនៅវេលាម៉ោង៤រសៀលថ្ងៃដដែល ឆ្ពោះទៅខាងចាក់អង្រែ។

លោក ម៉េត មាសភក្តី បានថ្លែងថា ពាក់ព័ន្ធនឹងស្ថានភាពសុខភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសពាក់ព័ន្ធជំងឹ Covid-19 គឺលោកអភិបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តដាក់បំផុត និងត្រៀមចាត់វិធានការជានិច្ចលើបញ្ហានេះ និងសូមអំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមេត្តា កុំជឿលើព័ត៌មានដែល មិនមាន ប្រភពច្បាស់លាស់ ដែលអាចនាំឲ្យបងប្អូនមានការយល់ច្រឡំដូចករណីខាងលើនេះ និងដូចករណីផ្សេងៗកន្លងមក និងសូមមេត្តាកុំបន្តចែកចាយនូវព័ត៌មាន ដែលមិនមានប្រភពប្រាកដប្រជា ដែលទង្វើនេះកាន់តែធ្វើឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ មានតែសូមបងប្អូនប្រជាពលរដ្ឋ មេត្តាអនាម័យទាំងអស់គ្នា ដើម្បីជៀសវាងការឆ្លងជំងឺផ្សេងៗ៕

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ