(ព្រះវិហារ)៖ ក្នុងគោលបំណងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ តាមរយៈការទទួលទានបន្លែនោះ កម្មវិធីអាសស្ប៉ាយ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំពិធីបើកឲ្យប្រើប្រាស់ ស្តង់លក់បន្លែសុវត្ថិភាពមួយកន្លែង របស់បណ្តុំអាជីវកម្មបន្លែសុវត្ថិភាពនៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ពិធីនេះស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដោយមានការចូលរួមពីអជ្ញាធរស្រុកឆែប និងអស់លោកលោកស្រីជាមន្ត្រីរាជការ ជាទីប្រឹក្សាកម្មវិធី និងបងប្អូនកសិករជាសមាជិកបណ្តុំអាជីវកម្មជាច្រើនរូបទៀត នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ។

លោក ពឹង ទ្រីដា បានថ្លែងឲ្យដឹងថា ស្តង់លក់បន្លែសុវត្ថិភាពនេះ ជាស្តង់ទី២ នៃកម្មវិធីអាសស្ប៉ាយ បន្ទាប់ពីស្តង់ទី១ ដែលបានសាងសង់នៅស្រុកជ័យសែន និងបានបើកដំណើរការលក់ដូរ កាលពីសប្តាហ៍មុននេះ។

លោកបន្តថា ក្នុងឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត កម្មវិធីអាសស្ប៉ាយ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ មានផែនការពង្រីកការសាងសង់ស្តង់បន្លែ ទៅតាមស្រុកនិងឃុំដ៏ទៃទៀត ដែលមានបណ្តុះ អាជីវកម្មបន្លែនៅទូទាំងខេត្ត ដោយសហការជាមួយអ្នកប្រមូលទិញ ដែលជាប្រធានបណ្តុំអាជីវកម្មបន្លែ និងអាជីវករដ៍ទៃទៀតដើម្បីពង្រីកទីផ្សារបន្លែសុវត្ថិភាព ដែលដាំដុះដោយកសិករក្នុងតំបន់ឲ្យបានទូទាំងខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា ក៏បានបញ្ជាក់ផងដែរថា នៅទូទាំងខេត្តព្រះវិហារស្តង់បន្លែសុវត្ថិភាព ត្រូវបានបើកឲ្យដំណើរការលក់ដូរចំនួន ៤កន្លែងហើយ ដែលករណីនេះលោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋ យើងត្រូវចូលរួមគាំទ្រ និងទិញបន្លែតាមស្តង់បន្លែសុវត្ថិភាពយកទៅទទួលទាន ដើម្បីសុខភាពរបស់យើងនិងក្រុមគ្រួសារ ជាពិសេសគឺបានលើកកម្ពស់ការផលិតរបស់ប្រជាកសិករយើង និងម្យាងទៀតបានចូលរួមទប់ស្កាត់បន្លែដែលនាំមកពីប្រទេសក្រៅទៀតផង៕