(ភ្នំពេញ)៖ ការិយាល័យមេធាវីតម្រាច្បាប់ បានចែកជូនសៀវភៅច្បាប់ និងគ្រោងផ្តល់ជូននូវឯកសារច្បាប់ ដោយឥតគិតថ្លៃ ទៅកាន់ប្រជាពលរដ្ឋ ក្នុងម្នាក់ មិនតិចជាង ៥០០០ក្បាល ទៅ ១០០០០ក្បាល ដើម្បីជាការអបអរពិធីគម្រប់ខួប ០១ឆ្នាំ នៃការបង្កើតការិយាល័យមេធាវីតម្រាច្បាប់ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។

ការិយាល័យមេធាវីតម្រាច្បាប់ បានរៀបចំឡើង នូវកម្មវិធីសប្បុរសធម៌មួយដោយមានការចែកជូនសៀវភៅ «ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា» ចំនួន ១០០០ក្បាល ដោយឥតគិតថ្លៃ ដល់និស្សិតច្បាប់ ដែលកំពុងសិក្សាឆ្នាំទី១ និង ឆ្នាំទី២ នៅគ្រប់បណ្តាសាកលវិទ្យាល័យនានា។

លោក មួន សៀងលី ប្រធានការិយាល័យតមករាច្បាប់ បានថ្លែងថា «កម្មវិធីសប្បុរសធម៌នេះ គឺធ្វើឡើងក្នុងគោលបំណងជួយជម្រុញផ្នែកអំណានសៀវភៅទៅកាន់និស្សិតច្បាប់ទាំងអស់ ឱ្យស្រឡាញ់ការអាន និងព្យាយាមស្វែងយល់អំពីនីតិព្រហ្មទណ្ឌនៅកម្ពុជា និងបណ្តុះនូវគំនិតនៃការចែករំលែកទៅកាន់មជ្ឈដ្ឋានផ្សេងទៀត។ ដោយអនុលោមតាមគោលការណ៍នីតិរដ្ឋ កម្មវិធីសប្បុរសធម៌នេះ ក៏ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយជម្រុញការផ្សព្វផ្សាយច្បាប់ និង ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ»។

លោក មួន សៀងលី បានបន្តថា ដើម្បីធ្វើឲ្យគោលបំណងខាងលើនេះ អាចសម្រេចបាន ដោយជោគជ័យ និងប្រសិទ្ធិភាព បន្ថែមទៀត ការិយាល័យមេធាវីតម្រាច្បាប់ គ្រោងនឹងផ្តល់ជូននូវសៀវភៅច្បាប់ និងឯកសារច្បាប់ ដោយឥតគិតថ្លៃទៅកាន់ ប្រជាពលរដ្ឋ ក្នុងម្នាក់ ចំនួន មិនតិចជាង ៥០០០ក្បាល ទៅ ១០០០០ក្បាល នោះទេ នៅអំឡុងខែឧសភា ឬខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

លោកបានបន្ថែមថា ជាការពិតការផ្តល់ជូននេះ នឹងធ្វើឡើងតាមរយៈការបង្កើតឡើងនូវកម្មវិធីនៅក្នុងទូរស័ព្ទដៃ អាយផេត កុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត ឈ្មោះថា កម្មវិធីតម្រាច្បាប់។ កម្មវិធីតម្រាច្បាប់ គឺជាប័ណ្ណល័យច្បាប់ Digital ដែលលោកអ្នក អាចយកបណ្ណាល័យច្បាប់ដ៏ធំមួយចល័តតាមខ្លួនបានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង តាមតម្រូវការ។ កម្មវិធីតម្រាច្បាប់ នឹងធ្វើឲ្យលោកអ្នកក្លាយជា ម្ចាស់ប័ណ្ណល័យច្បាប់មួយដ៏ធំនៅកម្ពុជា៕