(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់កងពលតូចអន្តរាគមន៍លេខ១។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលការងាររបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១ ដែលសម្រេចបាននៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី, ការថែរក្សាសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ក៏ដូចជាការដឹកនាំគ្រប់គ្រងកម្លាំង ប្រមូលផ្តុំមានរបៀបរៀបរយ ធានាបាននូវប្រសិទ្ធភាពនៃការងារហ្វឹកហ្វឺន និងការត្រៀមអន្តរាគមន៍ តាមបទបញ្ជា ជាពិសេសការកសាងពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ ដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងកងពល។ ទាំងនេះ បានបង្ហាញឲ្យឃើញច្បាស់អំពីស្មារតីម្ចាស់ការរឹងមាំរបស់អង្គភាព ទន្ទឹមនឹងការចូលរួមជួយឧបត្ថម្ភគាំទ្រមួយផ្នែក របស់អង្គភាពសម្ព័ន្ធមេត្រីភាព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន គឺជាការអាទិភាពចាំបាច់ ក្នុងនោះកម្លាំងដែលមានស្រាប់ និងកម្លាំងបំពេញបន្ថែម ត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹង សមត្ថភាពជាប់ជាប្រចាំ។ ម្យ៉ាងវិញទៀត បញ្ហាប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយទាហានរបស់យើង ដែលមិនធ្លាប់ឆ្លងកាត់បទពិសោធន៍លើសមរភូមិ ដូច្នេះការហ្វឹកហ្វឺន ព្រមទាំងការផ្ទេរបទពិសោធន៍ជាក់ស្តែង និងចំណេះជំនាញពីនាយទាហានជំនាន់មុន ក៏ជាកត្តាកំណត់មួយផងដែរ ដើម្បីធ្វើឲ្យនាយទាហានយើងខ្លាំង កងទ័ពយើងខ្លាំង។

បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំពោះកងពលតូចអន្តរាគមន៍ អាទិភាពការងារ ត្រូវផ្តោតជាសំខាន់លើការកសាងពង្រឹងក្នុងអង្គភាព, រៀបចំសាលាហ្វឹកហ្វឺន, ពង្រឹងទីកន្លែងហ្វឹកហ្វឺន, ជំរំជម្រកស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាគ្រឿងបំពាក់ និងមធ្យោបាយដឹកជញ្ជូន ដែលចាំបាច់បម្រើឲ្យការងារហ្វឹកហ្វឺន។

ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការងារគ្រប់គ្រងកម្លាំង ក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ជាពិសេសការគ្រប់គ្រងកម្លាំង ដែលមានស្រាប់។ កម្លាំងតិច ប៉ុន្តែត្រូវផ្តោតលើគុណភាព នៃការបែងចែកកម្លាំង។ ពិតណាស់ បរិមាណ និងគុណភាព គឺជាកត្តាមួយ ប៉ុន្តែអ្វីដែលសំខាន់ផងដែរ គឺ «គុណភាព នៃបរិមាណ»។ លោកថា បរិមាណ គឺចំនួននៅលើឯកសារ តែគុណភាព គឺផ្អែកលើសមត្ថភាពរបស់យោធិនម្នាក់ៗ។

ដោយឡែក «គុណភាព នៃបរិមាណ» គឺមិនសំដៅត្រឹមតែទៅលើសមត្ថភាពរបស់យោធិនម្នាក់ៗនោះទេ ប៉ុន្តែវាទាក់ទងជាចម្បងលើការចាត់តាំង គឺការចាត់តាំងឲ្យត្រូវហ្វឹកហ្វឺនឲ្យត្រូវ ដើម្បីធានាបាននូវ «គុណភាព នៃបរិមាណ» មួយដែលត្រឹមត្រូវ ក្នុងនោះ ត្រូវមានការចាត់តាំងនាយទាហាន ដែលមានជំនាញឲ្យត្រូវគោលដៅ ហើយចំពោះនាយទាហាន ដែលកំពុងបម្រើការ ក៏ត្រូវបំប៉នពង្រឹងឲ្យចំគោលដៅផងដែរ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ អង្គភាពសម្ព័ន្ធមេត្រីភាព ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់ កងពលតូចអន្តរាគមន៍លេខ១ រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខមួយចំនួនដែលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល នៃខឿនការពារជាតិ៕