(ភ្នំពេញ)៖ កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំកិច្ចប្រជុំវិបស្សនាស្តីពី «យុទ្ធសាស្រ្តជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា២០១៩-២០២៣ (Country Partnership Strategy - CPS 2019-2023)» ក្រោមប្រធានបទគន្លឺះ «ដំណើរប្រកបដោយបរិយាប័ន្ន ក្នុងការបង្កើនភាពប្រកួតប្រជែង សេដ្ឋកិច្ចរបស់កម្ពុជា» នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ។

កិច្ចវិបស្សនានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ADB ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាបន័ពាក់ពន័្ធ របស់រាជរដ្ឋាភិបាល, គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងស្ថាប័នស្រាវជ្រាវជាតិ និងអន្តរជាតិផងដែរ។

ការរៀបចំកិច្ចប្រជុំវិប្បស្សនារួមគ្នានេះ គឺជាអភិក្រមថ្មី ដើម្បីអាចធ្វើការពិភាក្សាបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ អំពីស្ថានភាព, បញ្ហាប្រឈម និងដំណោះស្រាយ ជាលក្ខណៈយុទ្ធសាស្រ្ត ទំាងក្នុងកម្រិតការអភិវឌ្ឍតាមវិស័យ និងទាំងកម្រិតការរៀបចំគម្រោង ក្រោមហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ ដែលនេះជាខ្លឹមសារដ៏សំខាន់ នៃយុទ្ធសាស្រ្តអភិវឌ្ឍន៍រួមគ្នា រវាងកម្ពុជា និង ADB ដែលនឹងនាំកម្ពុជា ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ កិច្ចប្រជុំវិប្បស្សនាថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ បន្ទាប់ពីបានរៀបចំ ជាមួយធនាគារពិភពលោក កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងមក។

លោក វង្សី វិស្សុត បានថ្លែងថា ឯកសារយុទ្ធសាស្រ្តភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ (CPS) ដែលត្រូវបានរៀបចំរួមគ្នា រវាងកម្ពុជា និង ADB ហើយត្រូវបានអនុម័ត ដោយក្រុមប្រឹក្សានាយកប្រតិបតិ្ត ADB កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។

ឯកសារនេះ គឺជាក្របខ័ណ្ឌ យុទ្ធសាស្រ្តរួមមួយ ដោយគ្រោងហិរញប្បទានប្រមាណ ១៤៥០លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃកិច្ចអភិវឌ្ឍរបស់កម្ពុជា ដោយផ្តោតលើ វិស័យអាទិភាពចំនួន៤រួមមាន៖

*ទី១ ៖ ការបង្កើតភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច
*ទី២ ៖ ការវិនិយោគលើការអភិវឌ្ឍ ធនធានមនុស្ស
*ទី៣ ៖ ការអភិវឌ្ឍប្រកបដោយបរិស្ថានបៃតង ចីរភាព និងបរិយាបន្ន
*ទី៤ ៖ ការពង្រឹងការគ្រប់គ្រងវិស័យសាធារណៈ។

វិស័យអាទិភាពនៅក្រោម CPS នេះ គឺបានរៀបចំឡើង ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣, និង គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។

លោកបានបន្តថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងតែប្រឈមជាមួយនឹងការថមថយ នៃកំណើនសេដ្ឋកិច្ចពិភពលោក, ការដកដោយផ្នែកនូវប្រព័ន្ធ EBA និងការផ្ទុះឡើង នៃវីរុស Covid-19។ ចំពោះការដកដោយផ្នែកនូវប្រព័ន្ធ EBA, គឺរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច និងបានដាក់ចេញនូវវិធានការ ដើម្បីគ្រប់គ្រងផលប៉ះពាល់រួចហើយ។ ក៏ប៉ុន្តែបញ្ហាការផ្ទុះឡើងនៃវីរុស Covid-19 គឺជាបញ្ហាប្រឈមថ្មី ដែលប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាប្រហែលនៅមិនមានភាពស៊ាំទៅបញ្ហានេះនៅឡើយ ដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង អាចធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើ កាន់តែច្រើនថែមទៀត ប្រសិនបើការផ្ទុះឡើងនៃវីរុស Covid-19 នេះ ត្រូវអូសបន្លាយយូរ។

ក្នុងបរិការណ៍នេះ លោកបានស្នើ ADB ធ្វើបច្ចុប្បន្នភាពលើគម្រោងជំនួយបច្ចេកទេស សម្រាប់ប្រទេសជាសមាជិកក្នុងតំបន់ និងសម្រាប់ប្រទេសកម្ពុជា ដើម្បីទប់ទល់ជាមួយការផ្ទុះឡើងវីរុស Covid-19 ហើយក៏បានស្នើឱ្យ ADB ទម្លាក់ថវិកាឱ្យកាន់តែបានឆាប់រហ័ស ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក។

ទន្ទឹមនេះ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្ត ភាពជាដៃគូ (CPS) សូមឱ្យ ADB ផ្តោតអាទិភាពលើ វិស័យអាទិភាពជាក់លាក់ មួយចំនួន ដែល ADB មានឧត្តមភាពប្រៀបធៀប ជាជាងផ្តោតលើច្រើន វិស័យទូលំទូលាយពេក។ ម៉្យាងវិញទៀត សូមឱ្យ ADB ធ្វើការពិនិត្យឡើងវិញ នូវសំណើគម្រោង/កម្មវិធីទាំងអស់ ដើម្បីធានាឱ្យអំពីសង្គិតភាព ជាមួយអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសការឆ្លើយតបទៅ នឹងផលប៉ះពាល់នៃវីរ៉ុស Covid-19។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺការតភ្ជាប់វិស័យក្នុងគមនាគមន៍ដឹកជញ្ជូន, ថាមពល និងឌីជីថល។ ក្នុងន័យនេះ លោកបានស្នើ ADB ឱ្យផ្តោតការវិនិយោគលើការតភ្ជាប់ ក្នុងវិស័យណាដែល ADB មានឧត្តមភាពប្រៀបធៀប ដើម្បីអាចទទួលបានលទ្ធផលមកវិញខ្ពស់ ហើយវិសាលភាពនៃការវិនិយោគវិញ គឺមិនគួរទូលំទូលាយច្រើនវិស័យពេកនោះទេ។ លើសពីនេះ ទៀត ការវិនិយោគនេះ ត្រូវតែរួមចំណែកលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ (Smart infrastructure) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ និងឌីជីថល។ ចំពោះការជ្រើសរើសគម្រោងវិនិយោគវិញ គឺចាំបាច់ត្រូវផ្អែកលើក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង និងផែនការមេវិនិយោគតាមវិស័យច្បាស់លាស់ ដើម្បីធ្វើការវិនិយោគជាលក្ខណៈប្រព័ន្ធ ដែលនឹងផ្តល់ផលចំណេញរយៈពេលវែង ដល់សេដ្ឋកិច្ច។ ចំពោះវិស័យណា ដែលមិនទាន់មានផែនការមេ លោករដ្ឋលេខាធិការប្រចាំការក៏បានស្នើឱ្យ ADB ផ្តល់ការគាំទ្រដល់ក្រសួង-ស្ថាបន័ពាក់ព័ន្ធ ដើម្បីរៀបចំក្របខ័ណ្ឌ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល មធ្យមជាមុនសិន ដែលអាចជួយសម្រួលដល់ការរៀបចំគម្រោងវិនិយោគសាធារណៈ ដែលហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះដែរ លោកបានស្នើសុំដល់ក្រសួងស្ថាប័ន ដែលជាទីភ្នាក់ងារអនុវត្តគម្រោងទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោង ពិសេសការត្រៀមខ្លួនឱ្យបានល្អ ក្នុងការចាប់ផ្តើម អនុវត្តគម្រោង ដើម្បីអាចជៀសវាងបាន នូវការអនុវត្តគម្រោងមិនបានល្អ និងការពន្យាពេលអនុវត្តគម្រោងយូរ ស្របតាមយុទ្ធសាស្រ្តស្តីពីការកែទម្រង់ ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ២០១៩-២០២៥។ ដូចនេះ យើងមិនអាចអនុវត្តការងារតាមទម្លាប់ចាស់បានទៀត ដើម្បីកាត់បន្ថយរយៈពេលអនុវត្តគម្រោង និងអាចប្រើប្រាស់នូវហិរញ្ញប្បទានបានឆាប់រហ័ស។

លោករដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ADB ដែលជាដៃគូដ៏ស្មោះត្រង់ និងមានតួនាទីដ៏សំខាន់ នៅកិច្ចអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីឈានឆ្ពោះ ទៅគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដែលកាន់តែរឹងមាំជាងមុន។ លោកបានគូសបញ្ជាក់ថា ទោះបីបច្ចុប្បន្នសមត្ថភាព ខាងថវិការបស់កម្ពុជា បានកើនឡើងជាលំដាប់ ដែលធ្វើឱ្យចំណែកសមាមាត្រ នៃប្រភពហិរញ្ញប្បទានពីក្រៅប្រទេស នៅក្នុងថវិការដ្ឋសរុប កាន់តែរួមតូច ដោយរួមទាំងហិរញ្ញប្បទានពី ADB ក្តី តែភាពជាដៃគូ និងហិរញ្ញប្បទានពី ADB នៅតែមានសារៈសំខាន់ចំពោះកម្ពុជា ព្រោះក្រៅពីហិរញ្ញប្បទាន, ADB ក៏បានផ្ទេរនិងនាំមកដល់កម្ពុជានូវបច្ចេកវិទ្យា, ចំណេះដឹង, ចំណេះធ្វើ និងនវានុវត្តន៍ផងដែរ ។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ខែមករា ឆ្នាំ២០២០ ADB បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន ១៧២ ដែលមានទឹកប្រាក់សរុប ចំនួនប្រមាណ ៣៤៨៥ លានដុល្លារអាមេរិក ក្នុងនោះមានឥណទានសម្បទាន ចំនួនប្រមាណ ២៩៨៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ ៥០២ លានដុល្លារអាមេរិក៕