(សៀមរាប)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បានចេញមកបញ្ជាក់ជូនសាធារណជនថា មនុស្ស៤នាក់ ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ ជាមួយបុរសជនជាតិជប៉ុនម្នាក់ ដែលឆ្លងកូវីដ១៩ មានសុខភាពល្អធម្មតា ខណៈដែលពួកគេទាំង៤នាក់ ត្រូវបានដាក់នៅដាច់ដោយឡែកក្រោមការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់តាមដានសុខភាពពីមន្ដ្រីសុខាភិបាល។ មនុស្សទាំង៤នាក់នោះ មានជនជាតិខ្មែរ៣នាក់ និងជនជាតិជប៉ុនម្នាក់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងលោកបណ្ឌិត លី សុវណ្ណ បានអះអាងយ៉ាងដូច្នេះថា «មនុស្សទាំង៤នាក់ មានសុខភាពល្អ និងមិនទាន់មានរោគសញ្ញាគួរឲ្យកត់សម្គាល់នោះឡើយ តែក្រុមមន្ដ្រីសុខាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើសុខភាពរបស់ពួកគេ»

មន្រ្តីជាន់ខ្ពស់សាលាខេត្តសៀមរាប ក៏បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា មនុស្សទាំង៤នាក់ ត្រូវបានដាក់នៅក្នុងបន្ទប់ម្នាក់ៗមួយ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីតាមដានសុខភាពរបស់ពួកគេ ខណៈមនុស្ស៤០នាក់ផ្សេងទៀត (អ្នកទាក់ទងដោយប្រយោល) ជាសិក្ខាកាម និងសិស្សដែលរៀនភាសាជប៉ុន នៅក្រុមហ៊ុនមួយនេះ ក៏ត្រូវបានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ពីសុខភាពរបស់ពួកគេផងដែរ។

បុរសជនជាតិជប៉ុននោះ គឺជាអ្នកជំនួញបើកក្រុមហ៊ុននាំពលករ ទៅធ្វើការនៅប្រទេសជប៉ុន ដែលមានការិយាល័យនៅ ខេត្តសៀមរាប។

សូមជំរាបថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយផ្ដោតសំខាន់លើការទប់ស្កាត់ចំពោះ ស្ថានភាពថ្មីៗ ដែលបាននិងកំពុងកើតឡើងនៅលើទឹកដីខេត្តសៀមរាប ក្រោយបុរសជនជាតិជប៉ុនម្នាក់ ត្រូវបានប្រកាសពីការឆ្លងកូវីដ១៩ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពីគាត់បានធ្វើដំណើរចាកចេញពីខេត្តសៀមរាប។

ក្រោយទទួលបានព័ត៌មាន ពីការឆ្លងកូវីដ១៩ ទៅលើបុរសជនជាតិជប៉ុនរូបនេះ ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានរួមគ្នាចាត់វិធានការភ្លាមៗ ដោយនាំមនុស្ស ៤នាក់ ដែលមានទំនាក់ទំនងដោយផ្ទាល់ ពោលជាអ្នកធ្វើការជាមួយអ្នកជំងឺយកទៅទុកដោយឡែក ដើម្បីតាមដានសុខភាពរបស់ពួកគេ​ ចំណែកមនុស្ស៤០នាក់ទៀត ក៏ត្រូវបានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់អំពីសុខភាពផងដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា មនុស្សទាំង ៤នាក់ ដែលជាអ្នកបម្រើការងារជាមួយបុរសជនជាតិជប៉ុនឆ្លងកូវីដ១៩នោះ គឺជាអ្នកធ្វើការដោយផ្ទាល់នៅក្នុងបន្ទប់ជាមួយអ្នកជំងឺជាច្រើនម៉ោង ប៉ុន្ដែបុរសជនជាតិជប៉ុនដែលឆ្លងនោះ មានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព ពោលតាំងពីក្រោយផ្ទុះជំងឺកូវីដនេះ លោកបានរឹតបន្ដឹង និងការការពារសុខភាពនៅក្នុងក្រុមហ៊ុន តាមរយៈឲ្យបុគ្គលិក អ្នកធ្វើការពាក់ម៉ាស់ និងដាក់ទឹកអាកុលលាងដៃជាប្រចាំ។

តែទោះជាយ៉ាងណា និងរហូតមកដល់ថ្ងៃនេះ ពុំមានការបញ្ជាក់ជាផ្លូវការ តើជនជាតិជប៉ុនរូបនេះ ឆ្លងកូវីដ១៩នៅទីណាឡើយ ប៉ុន្ដែគាត់បានចូលមកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ រួចនៅថ្ងៃទី២១ ខែកុម្ភៈ បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ បានចេញពីប្រទេសហ្វីលីពីន មកសៀមរាបវិញ ដោយឆ្លងកាត់ទីក្រុងបាងកក រហូតដល់យប់ថ្ងៃទី០៣ ខែមីនា ក៏បានចេញពីខេត្តសៀមរាប ឆ្ពោះទៅទីក្រុង Nagoya ប្រទេសជប៉ុន ដោយឆ្លងកាត់ទីក្រុងហូជីមិញ ប្រទេសវៀតណាម៕