(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីអបអរសាទរជាថ្មីម្តងទៀត នូវការទទួលពានរង្វាន់ Speedtest Award™ ជាលើកទី៦ ប្រគល់ជូនដោយ Ookla® ដែលប្រារព្ធឡើង នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

ក្រុមហ៊ុន សែលកាត ត្រូវបានបញ្ជាក់ទទួលស្គាល់ ជាជ័យលាភីពានរង្វាន់ Cambodia's Speedtest Award Winner សម្រាប់ផ្នែកល្បឿនបណ្តាញទូរស័ព្ទចល័ត ដោយយោងតាមការធ្វើតេស្ត និងតាមដានត្រួតពិនិត្យរបស់ស្ថាបន័ Ookla ដោយប្រើប្រាស់ Speedtest® នៅចន្លោះខែកក្កដា ដល់ខែធ្នូ ក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុន សែលកាត នៅតែអាចបន្តកាន់កាប់ពានរង្វាន់នេះ រហូតមកទល់ពេលបច្ចុប្បន្ន ដោយពានរង្វាន់លើកទី១ បានទទួលនៅក្នុងខែមេសា ក្នុងឆ្នាំ២០១៧ ពោលគឺបន្ទាប់ពីប្រព័ន្ធ 4G ត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ ជូនអតិថិជនប្រើប្រាស់។

Ookla គឺជាក្រុមហ៊ុនឈានមុខគេ លើសកលលោក ជាមួយឯកទេស នៃការធ្វើតេស្តទៅលើកម្មវិធី ទិន្នន័យ និងការវិភាគ លើបណ្តាញទូរស័ព្ទចល័ត និងបណ្តាញ អ៊ីនធើណិតថេរ។ Ookla នឹងផ្តល់ពានរង្វាន់ ជូនដល់បណ្តាប្រតិបត្តិករទាំងឡាយណា ដែលបម្រើជូននូវបណ្តាញទូរស័ព្ទចល័ត លឿនជាងគេបំផុតប្រចាំប្រទេស របស់ខ្លួន។

របាយការណ៍ផ្លូវការ បានបង្ហាញថា ក្រុមហ៊ុនសែលកាត ទទួលបានពិន្ទុល្បឿន១៤.៩២ ជាមួយនឹងល្បឿនដោនឡូដជាមធ្យម ១៦.៣១ មេកាបៃក្នុង១វិនាទី (Mbps) និងល្បឿនផ្ទុកទិន្នន័យជាមធ្យម១៤.៣២ មេកាបៃក្នុង១វិនាទី (Mbps)។

ក្រុមហ៊ុនសែលកាត បានឈរនៅលំដាប់កំពូលគេ ក្នុងតារាងពិន្ទុ ក្នុងរយៈពេលបីឆ្នាំជាប់គ្នា ដោយគម្លាតពិន្ទុបានឈ្នះដាច់ ប្រតិបត្តិករផ្សេងៗយ៉ាងឆ្ងាយតែម្តង។

យោងតាមរបាយការណ៍ ផ្តល់ជូនដោយ Ookla បានបង្ហាញថា បណ្តាញទូរស័ព្ទចល័តរបស់ក្រុមហ៊ុនសែលកាត មានល្បឿនលឿនដាច់គេ នៅតាមទីក្រុងធំៗមួយចំនួន ដោយក្នុងនោះ រួមមាន រាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត និងក្រុងស្រីស៊ីសុផុនជាដើម។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឲ្យដឹងថា ពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ ឲ្យកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់នូវល្បឿនអ៊ីនធើណិត ដ៏លឿនបំផុត ជូនដល់អតិថិជនទាំងអស់ ដែលកំពុងមានតម្រូវការប្រើប្រាស់ខ្លាំង។

«តម្រូវការទិន្នន័យតាមទូរស័ព្ទ កំពុងកើនឡើងយ៉ាងគំហុក នៅក្នុងប្រទេសកម្ពុជា ហើយកាលពីឆ្នាំកន្លងទៅនេះ កំណើននៃការប្រើប្រាស់ ទិន្នន័យរបស់អតិថិជន ក្រុមហ៊ុនសែលកាត បានកើនឡើងរហូតដល់ទៅ១,០០០% ឯណោះ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក អៀន វ៉ាត់សុន។

លោកបន្ដថា ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន នឹងនៅតែបន្តខិតខំបម្រើ ជូនអតិថិជននូវសេវាកម្មប្រកប ដោយគុណភាពល្អបំផុត ដើម្បីឈានទៅទាក់ទាញអតិថិជន ឲ្យកាន់តែច្រើនឡើង មកប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត ដ៏លឿនជាងគេបំផុតមួយនេះ៕