(ភ្នំពេញ)៖ រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញមួយ នៅថ្ងៃទី១៣ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា បើកកិច្ចប្រជុំជាមួយ តំណាងរាជរដ្ឋាភិបាលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យចុងក្រោយ មុននឹងដាក់ចូលរដ្ឋសភាអនុម័ត

លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណ:កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានឲ្យដឹងថា រដ្ឋសភានឹងបើកសម័យប្រជុុវិសាមញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ លោកបន្តថា សេចក្តីព្រាងច្បាប់ គឺធ្វើឡើងក្នុងគោលបំណងបើកផ្លូវប្រទេសសមាជិកអាស៊ានមានមូលដ្ឋានគតិយុត្តក្នុងការអនុវត្តនូវស្វ័យបញ្ជាក់ដើមកំណើតទូទាំងអាស៊ាន (ASEAN Wide Self–Certification–AWSC ) សំដៅរួមចំណែកក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជករ និងវិនិយោគគិន ពិសេសសហគ្រាសធុនតូច និងមធ្យមតាមរយៈការធ្វើសាមញ្ញកម្មលើនិតិវិធី នៃការបញ្ជាក់ដើមកំណើតដែលកត្តានេះ នឹងរួមចំណែកជំរុញពាណិជ្ជកម្មតាមតំបន់អាស៊ាន តាមរយៈការបង្កើនការប្រើប្រាស់ កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ានស្របតាមផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥។

លោកបណ្ឌិត បានលើកឡើងថា សមាជិកអាស៊ានទាំងអស់ បានឯកភាពចាប់ផ្តើមអនុវត្តជាផ្លូវការ AWSC ក្នុងតំបន់អាស៊ាន ចាប់ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីការផ្តល់សច្ចាប័នលើពិធីសារនេះ ត្រូវបានបំពេញរួចរាល់ដោយសមាជិកអាស៊ានទាំងអស់។

ជាមួយគ្នានោះដែរ លោកបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ មិនមានការពិបាកនោះទេ ព្រោះជាការផ្តលើសច្ចាប័នតែប៉ុណ្ណោះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ ដោយបានសម្រេចបញ្ជូនមកគណៈជំនាញដោយគ្មានការកែប្រែខ្លឹមសារ ដែលរាជរដ្ឋាភិបាលតាក់តែងនោះទេ។ លោកបន្ថែមថា សេចក្តីព្រៀងច្បាប់នេះត្រូវបានធ្វើវិសោនកម្មមាន២មាត្រាប៉ុណ្ណោះ។

ចំណែកលោកស្រី នឹន សាផុន តំណាងគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារសំខាន់សម្រាប់កម្ពុជា ដូចជាបានអនុញ្ញាតសហគ្រាសធុនតូច និងធម្យមក្នុងការនាំផលិតផលទៅកាន់ទីផ្សារអាស៊ាន និងសារៈអត្ថប្រយោជន៍ជាច្រើនទៀត។

ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋាភិបាល បានលើកឡើងថា លោកនឹងត្រៀមខ្លួនក្នុងការចូលរួមសម័យប្រជុំសភានៅពេលខាងមុខនេះ ដើម្បីបំភ្លឺរាល់ចង្ងល់នានាទាក់ទងនឹងច្បាប់នេះ៕