(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើគ្រប់ក្រសួង-ស្ថាបន័ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៉ីវិល វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប បន្តបង្កើនឲ្យមានចំនួនស្ត្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំគ្រប់កម្រិត។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងមកកម្ពុជាធ្លាប់ជាប្រទេសគំរូ និងទទួលបាននូវការកោតសរសើរ ក្នុងការលើកម្ពស់សមភាពយេនឌ័រ តាមរយៈការពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ការកំណត់វិធានការម៉ឺងម៉ាត់ និងការបង្កើតក្រុមការងារបច្ចេកទេសយេនឌ័រ។ [...] គ្របថ្នាក់ដឹកនាំក្រសួង-ស្ថាប័នត្រូវបន្តបង្កើនឲ្យមាន ចំនួនស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត»

លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើឲ្យរួមគ្នាទប់ស្កាត់ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលានូវគ្រប់ទិដ្ឋភាពនៃអំពើហិង្សា ដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជាពិសេសការប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ។ ត្រូវពង្រីកការបង្កើតក្រុមការងារពហុវិស័យ ឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឲ្យបាននៅគ្រប់រាជធានី-ខេត្តទាំងអស់ និងត្រូវសហការគ្នាប្រើប្រាស់ទិន្នន័យរដ្ឋបាលមូលដ្ឋាន លើកិច្ចអន្តរាគមន៍ជួយស្ត្រី និងក្មេងស្ររីងគ្រោះ ក្នុងគោលបណំងបង្កើនប្រសិទ្ធភាព នៃកិច្ចអន្តរាគមន៍របស់ស្ថាប័ននីមួយៗ។

ប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើដល់ក្រសួងអប់រំយុវជន និងកីឡា ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ឲ្យពង្រឹងការអនុវត្តវិន័យ និងមានទំនាក់ទំនងជាមួយឪពុកម្តាយ និងអ្នកឤណាព្យាបាលសិស្សឲ្យបានជាប្រចាំ។ ឪពុកម្តាយ អ្នកឤណាព្យាបាលគ្រប់រូប គួរយកចិត្តទុកដាក់​អប់រំកូនចៅប្រុសស្រី ខិតខំរៀនសូត្រ មានសីលធម៌ ប្រកាន់វប្បធម៌អហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងស្នើឲ្យបន្តវិនិយោគលើការសិក្សារបស់ក្មេងស្រីនៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា ដើម្បីដើរឲ្យទាន់ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ។ ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការចម្លងមេរោគអេដស៍ ថ្មីនិងសុំកុំឲ្យមានការរើសអើង ជាពិសេសចំពោះស្ត្រីផ្សព្វផ្សាយស្រាបៀរ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។

បន្ថែមលើនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ ទាំងរដ្ឋ និងឯកជនត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗ ដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រី ប្រពៃណី និងវប្បធម៌ខ្មែរឲ្យបានកាន់តែទូលំទូលាយថែមទៀត និងត្រូវពិចារណាអំពីផលប៉ះពាល់ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ពិសេសតម្លៃស្ត្រី និងក្មេងស្រី៕