(ឧត្តរមានជ័យ)៖ ដើម្បីលើកកំពស់ដល់ជីវភាពកសិករ ក៏ដូចជាចង់ជួយកសិករទីទ័លក្រនោះ ក្រុមហ៊ុន Jet Capital Co.,Ltd. ដែលមាននាំចូលកូនគោ និងពូជគោគ្រប់ប្រភេទ សំរាប់យកមកចិញ្ចឹម ក្នុងកសិដ្ឋានភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ បានរៀបចំបង្កើតនូវកម្មវិធីដាក់គោ ឲ្យកសិករយកទៅចិញ្ចឹមសហការគ្នា។

ការប្រកាសរកកសិករក្រីក្រសហការចិញ្ចឹមគោនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុននេះ ទទួលបានការអនុញ្ញតស្របច្បាប់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការនាំចូលគោពូជ ហើយចង់ចែករំលែកដល់កសិករ ដែលចង់បានគោយកទៅចិញ្ចឹម ដើម្បីលើកម្ពស់ជីវិភាព តែខ្វះដើមទុន។

តំណាងក្រុមហ៊ុនបញ្ជាក់ថា កម្មវិធីសហការចិញ្ចឹមគោនេះ គឺអាចផ្តល់គោឲ្យកសិករ ក្នុងមួយគ្រួសារចាប់ពី១០ទៅ២០ក្បាល ហើយបើកសិករចង់ចិញ្ចឹមប្រើចំណីគោ ក្រុមហ៊ុននឹងផ្គត់ផ្គង់ជូន តែបើកសិករណាគាត់មានលទ្ធភាពរកចំណីធម្មជាតិ គាត់អាចធ្វើបានមិនចាំបាច់ប្រើចំណីពីក្រុមហ៊ុនក៏បាន។

ចំពោះការបែងចែកផលប្រយោជន៍វិញ ត្រូវបានតំណាងក្រុមហ៊ុនបញ្ជាក់ថា នៅពេលចិញ្ចឹមធំធាត់ដល់ពេលលក់ប្រមូលផល គឺក្រុមហ៊ុនយក៤០% ហើយកសិករគាត់យកយកចំណែក៦០%នៃផលចំណេញនោះ។

តំណាងក្រុមហ៊ុនបញ្ជាក់ថា កម្មវិធីនេះនឹងចាប់ផ្តើមធ្វើសាកល្បងចាប់ពីខែនេះទៅ ហើយសម្រាប់តែកសិករដែលនៅក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យមុនសិន ប្រសិនបើការសាកល្បងជោគជ័យ នឹងបន្តទៅខេត្តមួយចំនួនទៀត។

ប្រសិនបើកសិករណាមានបំណងចង់ចិញ្ចឹម អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 068 999 007 ដោយក្រុមហ៊ុន និងចុះទៅពិនិត្យ ទីតាំង និងជួយផ្តល់យោបល់ ស្តីរៀបចំក្រោលឲ្យបានត្រឹមត្រូវ តាមបច្ចេកទេស៕