(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំញវនាវដល់ជនរួមជាតិ នៅទូទាំងប្រទេសទាក់ទងនឹងបញ្ហាវីរុស កូរ៉ូណា ឬ Covid-19 ទោះបីប្រទេសកម្ពុជាពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទងនឹងវីរុសនេះក៏ដោយ ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវចេះការញរខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច។

ការបន្តអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំនៅតែបន្តអំញវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសទាក់ទងនឹងបញ្ហាវីរុស កូវីដ ១៩ ទោះបីប្រទេសកម្ពុជា យើងពុំទាន់កើតមានឡើងនូវបញ្ហានានា ដែលទាក់ទងនឹងវីរុស នេះក៏ដោយ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចេះការញរខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ជម្រើសនៃការភ័យខ្លាចមិនមែនជាជម្រើសល្អនោះទេ តែជម្រើសក្លាហានក្នុងការចេះការញរខ្លួន ការធ្វើអនាមយ័ជាប្រចាំ គឺជាម្រើសដែលល្អបំផុត ហើយការពារខ្លួនបានពីជំងឺគ្រប់ប្រភេទ។ ដូច្នេះ សូមរួមគ្នា កុំទុកអ្នកណាម្នាក់ឱ្យនៅឯកោ ដោយពុំបានទទួលភោគផលពីកិច្ចអភិវឌ្ឍ។

គួរជម្រាបថា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីការងារអាទិភាពបំផុតរបស់កម្ពុជា ពេលនេះគឺការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូរ៉ូណាថ្មី ដោយក្នុងនោះរាប់បញ្ចូលទាំងការត្រៀមខ្លួនទប់ទល់បើសិនជាជំងឺនេះ ឆ្លងមកដល់ប្រទេសកម្ពុជាជាថ្មីម្តងទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសនៅទីនេះថា កិច្ចការរបស់យើង នៅពេលកន្លងទៅចាប់ផ្តើមពីផ្ទុះកូរ៉ូណាថ្មីនេះ រហូតដល់ពេលនេះ និងរហូតដល់ពេលបញ្ចប់នៃជំងឺកូវីត១៩នេះ ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត នេះជាការណ៍ដែលយើងត្រូវធ្វើទាំងអស់គ្នា»

ដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីតនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់បន្ថយការចំណាយប្រមាណ៥០ភាគរយ របស់ក្រសួងស្ថាប័ននានា លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី ដែលត្រូវកាត់បន្ថយត្រឹម២៥ភាគរយ ប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្តេចបានប្រកាសថា ប្រាក់បៀវត្សមន្រ្តីរាជការទាំងអស់មិនត្រូវបានកាត់ឡើយ ដោយការកាត់នេះមានដូចជាចំណាយ សម្រាប់ការចេញទៅក្រៅប្រទេស និងគម្រោងមួយចំនួនទៀត។

សម្តេចថ្លែងថា ក្រសួងសុខាភិបាល គឺជាអ្នកនាំមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មីនេះ ចំណែកនាយករដ្ឋមន្រ្តីគ្រាន់តែជាការសម្រេចលើនយោបាយប៉ុណ្ណោះ។ លទ្ធភាពទី១នេះ គឺរាជរដ្ឋាភិបាល នឹងខិតខំអប់រំប្រជាពលរដ្ឋ ឱ្យមានអនាម័យ ហើយមិនត្រូវភ័យខ្លាច ឬមានការរើសអើងឡើយ។ ចំណែកលទ្ធភាពទី២ គឺបើសិនជាប្រជាពលរដ្ឋឆ្លងកូវីត ទោះជានៅខេត្តណាមួយក៏ត្រូវត្រៀមបម្រុងដើម្បីជួយដល់ពួកគេផងដែរ។

គិតរហូតមកដល់ពេលនេះ នៅប្រទេសចិន មានអត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅលើពិភពលោកកើនដល់ជាង៣ពាន់នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងជំងឺនេះជាង៩ម៉ឺននាក់ ដែលប្រទេសចិនច្រើនជាងគេ។ ជំងឺនេះចាប់ផ្តើមរីករាលដាល និងបង្កឱ្យមានមនុស្សស្លាប់បន្តបន្ទាប់នៅក្រៅប្រទេសចិន ក្នុងនោះប្រទេសធ្ងន់ធ្ងរមួយចំនួនទៀតមានដូចជាកូរ៉េខាងត្បូង អ៊ីរ៉ង់ អ៉ីតាលី ជប៉ុន អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអាមេរិកជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់តាំងពីផ្ទុះឡើងតាំងពីដើមខែមករា ឆ្នាំ២០២០ មានអ្នកជំងឺប្រមាណជាង៥ម៉ឺននាក់ហើយ នៅលើពិភពលោកត្រូវបានព្យាបាលជាសះស្បើយ។

ប្រទេសកម្ពុជា បានរកឃើញជំងឺនេះ១ករណីគត់ គឺនៅលើខ្លួនជនជាតិចិនម្នាក់ដែលមកពីក្រុងវូហាន ប្រទេសចិន ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ុន្តែជនជាតិចិនរូបនោះត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយចាកចេញពីកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ផងដែរ៕