(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញប្រកាសទទួលស្គាល់លោក សុក រ៉ាដូ ជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង សម្រាប់អាណត្តិទី១ លើកទី២ ដែលមានសមាជិកចំនួន ១៤រូប។

លោក វេង សុធី បានថ្លែងថា សភាពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា កើតឡើងដោយការបោះឆ្នោតជ្រើសតាំង មិនមែនកើតឡើង ដោយការតែងតាំងនោះទេ ចំណុចនេះហើយដែលធ្វើឱ្យក្រុមអាជីវករ ទាំងអស់ មានការពេញចិត្ដ និងសប្បាយចិត្ដ ដោយសារតែលទ្ធផល ដែលចេញមក គឺដោយភាពត្រឹមត្រូវ និងយុត្ដិធម៌បំផុត ហើយតាមរយៈសភាពាណិជ្ជកម្មនេះបានផ្ដល់នូវសារប្រយោជន៍ ជាច្រើនដូចជា មានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏សូមផ្ដាំផ្ញើដល់សភាពាណិជ្ជកម្ម នៅខេត្ដស្វាយរៀង ត្រូវធ្វើយ៉ាងណាសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ ហើយដំណើរការទៅមុខឱ្យបានជោគជ័យ និងរលូនជានិច្ច។

លោក វេង សុធី ក៏បានលើកអំពីសភាពការថ្មីៗ នាពេលបច្ចុប្បន្ន ដូចជាបញ្ហាវីរុស Covid-19 បញ្ហាសេដ្ឋកិច្ច លើសកលលោក និងនៅប្រទេសកម្ពុជាយើងផងដែរ។

ក្នុងឱកាសនោះ លោកម៉ែន វិបុល បានលើកឡើងពីវឌ្ឍនភាពនានា នៃការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងខេត្ត ដោយផ្អែកតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺបានអនុវត្ដគោលនយោបាយឈ្នះ-ឈ្នះ បន្ដទៅមុខគ្រប់វិស័យ ក្នុងនោះវិស័យពាណិជ្ជកម្ម គឺជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបានផ្ដោត ការយកចិត្ដទុកដាក់ជាសំខាន់ផងដែរ។

ទន្ទឹមនេះ សភាពាណិជ្ជកម្មខេត្តស្វាយរៀង បង្កើតឡើងតាំងពីឆ្នាំ២០០៤ មកម្ល៉េះ ស្របតាមអនុក្រឹតរបស់រាជរដ្ឋាភិបាល ប៉ុន្តែ តាមរយៈរបាយការណ៍លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ទើបតែរៀបចំនូវរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវច្បាស់លាស់ នៅឆ្នាំ២០១៦ រហូតមក ដល់ឆ្នាំ២០១៩ ដំណើរការបានរយៈពេល៣ឆ្នាំ ដែលជាការកំណត់អាណតិ្តជ្រើសរើសសមាជិកថ្មីចំនួនពាក់កណ្តាល នៃលើកទី២នេះ។

លោកបានបន្តថា ក្នុងនាមអាជ្ញាធរខេត្តសូមធ្វើការកោតសសើរ ចំពោះមន្ទីរពាណិជ្ជកម្មខេត្ត ដែលបាន ខិតខំសហការរៀបចំបង្កើតសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង និងក៏សូមថ្លែងនូវការអគុណយ៉ាង ជ្រាលជ្រៅចំពោះក្រសួងពាណិជ្ជកម្ម ដែលបានជួយសម្របសម្រួល និងគាំទ្រចាប់ពីដំណើរការ បោះឆ្នោតជ្រើសរើស និងរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់សភាពាណិជ្ជកម្ម នៅលើកទី១ និងនៅលើកទី២នេះ៕