(តាកែវ)៖ ក្រសួងទេសចរណ៍ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» កម្មវិធីនេះប្រារព្ធឡើងនៅបុរាណដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ធ្វើនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ញ៉ឹក ស៊ីម ថោងខុន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងទេសចរណ៍ និងលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានសមាគមនារី ក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមពីមន្ត្រីនារី របស់ក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរ កងកម្លាំង តាជី យាយជី សរុបជាង៣០០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាល លោកស្រី ហ៊ុន ដានី បានលើកឡើងថា មូលហេតុដែលក្រសួងបានជ្រើសរើសទីរមណីយដ្ឋាននេះ ដើម្បីប្រារព្ធពិធី៖

ទី១៖ គឺដើម្បី «អរគុណដល់សន្តិភាព» និងរំលេចពីតម្លៃ នៃសន្តិភាព ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ ជាប្រទេសដែលមានសន្តិភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយសេរីភាព និងស្មើសិទិ្ធជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ជាពិសេសសមភាពយេនឌ័រ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។

ទី២៖ យកឱកាសនេះផង ដើម្បីធ្វើទស្សនកិច្ចសិក្សា (Study Tour) ស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រ-វប្បធម៌ ដែលជាដើមកំណើតដំបូងបង្អស់ នៃអរិយធម៌ខ្មែរ នាសម័យនគរភ្នំ។ ត្រង់នេះលោកស្រី បានគូសបញ្ជាក់ថា អាណាចក្រភ្នំ ជាសង្គម «មេនិយម» ដែលចាត់ទុកស្ត្រីជាធំ ទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ ដូច្នេះទិវា នៃនារី យើងក៏ចង់ផ្សារភ្ជាប់ និងរំលឹកដល់វីរភាពរបស់បឋមក្សត្រីខ្មែរព្រះនាង លីវ យី ឬព្រះនាងនាគផងដែរ។

ទី៣៖ ដើម្បីផ្សព្វផ្សាយ និងជំរុញទេសចរណ៍ ក្នុងស្រុកឲ្យសកម្មផុលផុសឡើង ជាការរួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ ស្របតាមឆន្ទៈ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចង់ឲ្យប្រជាពលរដ្ឋខ្មែរបង្វែរទិសដៅដើរលេងកម្សាន្តក្នុងប្រទេស ជាជាងការចេញទៅទេសចរណ៍នៅក្រៅប្រទេស។

ទី៤៖ ចូលរួមបង្កើតឱកាសការងារ និងរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី៥៖ បង្កើនការរិតចំណងសាមគ្គីភាព មិត្តភាព និងភាតរភាព រវាងមន្ត្រីនារីគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ក្រសួង រាជធានី-ខេត្ត ឲ្យកាន់តែជិតស្និទ្ធ សំដៅចេះជួយគ្នា និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

លោកស្រីបានបន្ថែមទៀតថា បើទោះបីថ្ងៃនេះយើងរំលឹកដល់សិទ្ធិរបស់នារី តែយើងក៏ស្វាគមន៍ផងដែរការចូលរួមរបស់បុរស។ សមភាពយេនឌ័រ គឺជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍។

លោកស្ដ្រីបញ្ជាក់ថា ស្រីជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវប្រសិទ្ធភាព បរិយាប័ន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព។ សមភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឲ្យពួកគេក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ។

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រ្តី ជាការងារអាទិភាពមួយ៕