(ភ្នំពេញ)៖ បន្ទាប់ពីរដ្ឋបាលខណ្ឌចំការមន ចេញសេចក្តីជូនដំណឹងជាច្រើនលើកឲ្យម្ចាស់ផ្ទះសំណាក់ រុះរើគ្រោងដែកដែលសង់លើចិញ្ចើមផ្លូវទាំងស្រុងនោះ ប៉ុន្តែនៅតែមិនព្រមរុះរើ ពេលនេះគណៈបញ្ជាការឯកភាពខណ្ឌ ចាប់ផ្តើមអនុវត្តដោយម៉ឺងម៉ាត់បំផុតមិនបន្ធូដៃឡើយ ព្រោះវាជាប្រយោជន៍រួមក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយតាមដងផ្លូវ សម្រាប់ថ្មើរជើង និងលើកកំពស់សោភ័ណ្ឌភាពក្នុងមូលដ្ឋានខណ្ឌចំការមន។

នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានចាត់វិធានការរដ្ឋបាលចុះកាត់គ្រោងឆ្អឹងដែក រំលោភយកផ្លូវសាធារណៈ ផ្លូវលេខ១០៣នេះ ត្រូវរុះរើចេញ និងកាត់តម្រឹមដោយគ្មានការយោគយល់តទៅទៀត។

ចំណាត់ការរដ្ឋបាលតឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់រដ្ឋបាលខណ្ឌចេញសេចក្តីជូនដំណឹងជាច្រើនលើក ដោយទុករយៈ ៧ថ្ងៃឲ្យម្ចាស់ទីតាំងរុះរើដោយខ្លួនឯងតែមិនព្រមរុះរើ។ មកដល់ពេលនេះ មានរយៈពេលលើសឱសាន្តវាទ ៧ថ្ងៃហើយ ដោយឡែក ម្ចាស់ទីតាំងដែលសាងសង់រំលោភយកដីចំណីផ្លូវមិនអនុវត្តតាមសេចក្តីជូនដំណឹងឡើយ ទើបធ្វើឲ្យគណៈបញ្ជាការឯកភាពខណ្ឌ ចាត់វិធានការរដ្ឋបាលចុះកាត់ចោលតែម្តង ដើម្បីអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងអោយមានប្រសិទ្ធភាព។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា កាលនៅព្រឹកថ្ងៃទី៦ ខែមីនានេះថា គណៈបញ្ជាការឯកភាពខណ្ឌ បានចាត់វិធានការរដ្ឋបាលចុះកាត់រោងដែក ដែលសង់រំលោភមកលើដីចំណីផ្លូវ វិធានការរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទីតាំងមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ បានជូនដំណឹងចំនួន ២លើក ថែមទាំងមានកំណត់ហេតុផ្តិតមេដៃទទួលស្គាល់ ពីម្ចាស់ទីតាំងទៀតផង ទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការរដ្ឋបាលតែម្តង។

លោក អាំង សិរីពិសិដ្ឋ បានប្រាប់ដូច្នេះថា វិធានការរដ្ឋបាលនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលខណ្ឌបានជូនដំណឹង ៣លើកមកហើយម្ចាស់ទីតាំងមិនព្រមអនុវត្ត ទើបគណៈបញ្ជាការឯកភាព ចុះវាកាត់រុះរើរោងដែកនេះ តែម្តងដោយមិនយោគយល់ឡើយ។

សូមបញ្ជាក់ថា កន្លងមកលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេទោះជាជួបនូវបញ្ហាប្រឈម ក៏ត្រូវចាត់វិធានការរដ្ឋបាលដែរ មិនមានការយោគយល់ទេព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខណ្ឌ បានណែនាំឲ្យលោកចៅសង្កាត់ និងមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់បន្ថែមទៀត៕