(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានជំរុញដល់អាជ្ញាធរខេត្តកំពង់ចាម ឲ្យខិតខំបន្ថែមទៀត ក្នុងការងារថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឲ្យកាន់តែល្អប្រសើរ។

ឧបនាយករដ្ឋមន្ត្រីបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នាឱកាសអញ្ជើញក្នុងពិធីបិទសន្និបាតវាយតម្លៃអំពីលទ្ធផលការងាររដ្ឋបាលខេត្តកំពង់ចាម សម្រេចបានក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០។

លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី បានថ្លែងថា អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់សំខាន់ដូចខាងក្រោម៖

*បន្តជំរុញបំផុសចលនាប្រជាពលរដ្ឋ ចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូល ដ្ឋានរបស់ខ្លួន ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។

*ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់នគរបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងអាជ្ញាធរ កម្លាំងនគរបាល និងកម្លាំងមានសមត្ថកិច្ចនានា ជាមួយប្រជាពលរដ្ឋតាមរយៈការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតស្នាមនានាព្រមទាំងការចុះជួយដោះស្រាយ ការលំបាកនានារបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា និងនៅពេលប្រជាពលរដ្ឋជួបទុក្ខលំបាកខ្វះខាតក្នុងជីវភាព ពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងចលនាគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ឆ្នាំ២០១៩កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងធ្វើឲ្យមនុស្សស្លាប់ និងរងរបួសមានការកើនឡើងយ៉ាងគំហុក ប៉ះពាល់ដល់អាយុជីវិតទ្រព្យសម្ប ត្តិសាធារណៈ និងទ្រព្យសម្បត្តិប្រជាជនជាច្រើន។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសកំណត់យកឆ្នាំ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ឱ្យបានម៉ឺងម៉ាត់បំផុតសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិប្បរមា។ ហេតុនេះកងកម្លាំងនគរបាលចរាចរណ៍ ត្រូវធ្វើប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យតឹងរឹងបំផុត ដោយមិនត្រូវមានការយោគយល់ និងលើកលែងនោះឡើយ។ ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់កងកម្លាំងនគរបាលចរាច រណ៍ដើរទន្ទឹមនឹងការគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនការផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំង អស់ត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

អាជ្ញាធរខេត្ត ត្រូវដឹកនាំមន្ទីរអង្គភាពជំនាញពិនិត្យ និងរៀបចំភ្លើងសញ្ញាចរាចរណ៍ ការរៀបចំដាក់តាំងស្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវសាធារណៈនានាឲ្យមានសណ្ដាប់ធ្នាប់ ដោយត្រូវផ្ដល់អាទិ ភាពជាចម្បង ដល់ការតាំងស្លាកសញ្ញាចរាចរណ៍ នឹងខិតខំរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ រៀបចំចំណតយានយន្តដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព៕