(ភ្នំពេញ)៖ ក្មេងស្រីឈ្មោះ ផា នុត ជាសិស្សស្រី ដែលកើតមានអំពើហិង្សាជាមួយសិស្សដូចគ្នា នៅសាលាជម្ពវ័ន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានលើកដៃសំពះសូមអភ័យទោស ពីសំណាក់លោកនាយកសាលាជម្ពវ័ន និងលោកគ្រូ អ្នកគ្រូទាំងអស់កំហុសអចេតនារបស់ខ្លួន ចំពោះរឿងរ៉ាវទាំងអស់ ដែលបានកើតមានឡើង រហូតដល់មានការឃាត់ខ្លួនឪពុក និងបងស្រីថែមទៀត។

សិស្សស្រីរូបនេះបានបញ្ជាក់ថា រូបគេពិតជាសោកស្តាយយ៉ាងខ្លាំងនូវអ្វីដែលបានកើតឡើងចំពោះសាលារៀន ចំពោះលោកគ្រូ អ្នកគ្រូ ដែលផ្ទុយទៅនឹងអ្វីដែលលោកទាំងអស់ តែងតែទូន្មាន ប្រៀនប្រដៅសិស្សានុសិស្សទាំងអស់នូវដំបូន្មានល្អៗ ឲ្យចេះស្រឡាញ់រាប់អានគ្នា សាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នានោះ។

សិស្សស្រី ផា នុត ដែលឪពុក និងបងស្រីកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រោះតែករណីរបស់ខ្លួន បានសន្យាថា នឹងមិនធ្វើមានករណីបែបនេះ កើតឡើងជាថ្មីចំពោះសាលាឡើយ និងសូមឲ្យនាយកសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ មេត្តាលើកលែងកំហុសរបស់ឪពុកនាងដោយអចេតនានេះផង។

សូមជម្រាបថា មន្ដ្រីនគរបាលបំរើការងារនៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃម្នាក់ និងកូនស្រីច្បងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធការប្រើហិង្សា លើក្មេងស្រីសិស្សសាលាជម្ពូវ័ន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ។

ក្មេងស្រី ផានុត ដែលជាកូនស្រីពៅ និងជាអ្នកមានជម្លោះជាមួយក្រុមសិស្សដទៃទៀត បានលើក ម្រាមដៃដប់សុំអង្វរដល់តុលាការ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ សុំមេត្តាជួយដោះលែងឪពុកវិញ ដោយបានអះអាងថា ឪពុកខ្លួនមិនបានវាយទេ គ្រាន់តែចូលចាប់ និងឃាត់ក្រុមក្មេងៗទាំងនោះតែប៉ុណ្ណោះ។

កូនស្រីបានលើកឡើងថា ឪពុករបស់ខ្លួន ក្រៅពីបម្រើការងារជាមន្រ្តីនគរបាលនោះ គាត់បានឆ្លៀតពេលរត់ម៉ូតូកង់បី ដើម្បីរកថវិកាចិញ្ចឹមគ្រួសារទាំងមូលផងដែរ ដូច្នេះបើឪពុកត្រូវជាប់គុក តើមាន នរណាអាចរកស៊ីចិញ្ចឹមទៅទៀត?

តាមការរៀបរាប់របស់ក្មេងស្រី ឈ្មោះ ផា នុត បាន និយាយថា នាងត្រូវបានក្មេងស្រីមួយក្រុមព្រួតគ្នាវ៉ៃនាង ហើយនាងមិនមានលទ្ធភាពការពារខ្លួនបាន ទើបបានជាទូរស័ព្ទប្រាប់ឪពុកមក ហើយនាងក៏មានការសោកស្តាយផងដែរ បើសិនជានាងមិនខលប្រាប់ឪពុក ក៏មិនបាននាំទុក្ខដល់ឪពុកនាងអីញ្ចឹងផងដែរ។

នាងសុំសំណូមពរ សុំអោយសមត្ថកិច្ច មេត្តាដោះលែងឪពុកនាង ដែលជាជនគ្មានកំហុស បានត្រលប់មកមើលថែទាំនាង និងបងស្រីផ្តល់ភាពកក់ក្តៅ ដល់ពួកនាងដូចដើមវិញ ព្រោះនាងមានតែឪពុកម្នាក់គត់ មិនមានម្តាយដូចក្មេងៗឯទៀតទេ។ បងប្អូននាងទាំង២នាក់ សូមលើកម្រាមដៃដប់សុំអង្វរដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងតុលាការ មេត្តាជួយដល់ឪពុកនាង បានត្រលប់មកផ្ទះវិញ ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ពួកនាងដូចដើមវិញផង។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅពេលដែលកូនស្រីពៅ បានទូរស័ព្ទទៅឪពុករបស់ខ្លួន មកជួយនៅពេលមានជម្លោះនៅក្នុង សាលា។ ភ្លាមៗនោះគាត់បានចូលចាប់ និងឃាត់ក្រុមក្មេងៗ ទាំងនោះតែត្រូវបានក្រុមសិស្សសាលាចោទថា គាត់បានវាយសិស្សសាលាស្រីផ្សេងទៀត រហូតនគរបាលមូលដ្ឋានប៉ុស្តិ៍ឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ៕