(ភ្នំពេញ)៖ លោក គុជ គឹមឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធ អំពើពុករលួយ។

លោក នួន ប៉ុក ដែលត្រូវចាប់ខ្លួនដោយអង្គភាព (ACU) ក្រោមបទចោទរំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយដែលហៅកាត់ថា (ACU) កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានបញ្ជូនសំណុំរឿងលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ ចាត់ការការតាមនីតិវិធី ក្នុងបទចោទប្រកាន់ រំលោភអំណាច បំពានធនធានធម្មជាតិ និងបទចោទមួយទៀតគឺ ផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ។ សំណុំរឿងរបស់អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) ដែលជាក្រុមប្រឹក្សាជាតិក្នុងការប្រយុទ្ធ ប្រឆាំងអំពើរពុករលួយនៅកម្ពុជា ដើម្បីនាំជនដែលប្រព្រឹត្តអំពើពុករលួយ ទៅឲ្យទទួលខុស-ត្រូវ ចំពោះមុខច្បាប់ជាធរមាន។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក នួន ប៉ុក កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយជាប់សង្ស័យក្នុងរឿងពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។

លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានផ្ទេរចេញពីតំណែងនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយកាន់តំណែងបាន២ឆ្នាំ៕