(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News បានអំពាវនាវដល់អ្នកធ្លាប់មានទំនាក់ទំនងជាមួយជនជាតិជប៉ុន ឆ្លងកូវីដ១៩ ត្រូវប្រញាប់មកពិនិត្យសុខភាពជាបន្ទាន់។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសទៀតថា ប្រសិនបើប្រជាពលរដ្ឋណា ដែលសង្ស័យថា ធ្លាប់មានទំនាក់ទំនងជាមួយជនជាតិជប៉ុន ឆ្លងកូវីដ១៩ ត្រូវទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល តាមរយៈលេខ ១១៥។

បើតាមលោកវេជ្ជបណ្ឌិត លី សុវណ្ណ មនុស្សទាំង ៤៤នាក់ ដែលរកឃើញថា ធ្លាប់មានទំនាក់ទំនង ជាមួយជនជាតិជប៉ុនឆ្លងកូវីដ១៩ ហើយត្រូវយកទៅដាក់ដាច់ដោយឡែក ខណៈមកដល់ពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញាសង្ស័យណាមួយនោះទេ ពោលមានសុខភាពល្អធម្មតា។

គួរជម្រាបថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានរកឃើញមនុស្ស ៤៤នាក់ ដែលមានទំនាក់ទំនងជិតដិត និងធ្លាប់មានទំនាក់ទំនង ជាមួយជនជាតិជប៉ុន រកឃើញមានផ្ទុកជំងឺកូវីដ១៩។ ក្នុងនោះ ៤នាក់ ជាជនដែលមានទំនាក់ទំនងដោយផ្ទាល់ និង ៤០នាក់ទៀត ធ្លាប់មានទំនាក់ទំនង។

ជនដែលមានទំនាក់ទំនងផ្ទាល់ និងមិនផ្ទាល់ទាំង ៤៤នាក់ ត្រូវបានក្រសួងសុខាភិបាល និងអាជ្ញាធរ សម្រេចដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

បើទោះបីជាយ៉ាងណា រហូតមកដល់ម៉ោង ៤៖៣០នាទីល្ងាចថ្ងៃនេះ មនុស្សទាំង ៤៤នាក់នេះ មានសុខភាពជាធម្មតា មិនមានលេចចេញនូវភាពមិនប្រក្រតីណាមួយនោះទេ៕