(ភ្នំពេញ)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានគូសបញ្ជាក់ថា ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុន កើតជំងឺ Covid-19 ម្នាក់ ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាប ឆ្លងកាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញ ប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «ក្រសួងសុខាភិបាលកំពុងធ្វើការលើករណីនេះ មិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ»

សូមជំរាប បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានជប៉ុនអះអាងថា រកឃើញមានជំងឺ Covid-19។ បុរសជនជាតិជប៉ុននេះកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ បានចាកចេញពីកម្ពុជា តាមព្រលានយន្តអន្តរជាតិខេត្តសៀមរាប ទៅកាន់ព្រលានយន្តហោះហូជីមិញ ប្រទេសវៀតណាម ដើម្បីហោះបន្តទៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន។

តាមរយៈទំព័រ Facebook រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ លោក ទៀ សីហា បានឱ្យដឹងថា ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះ ករណីជនជាតិជប៉ុនថា កើតជំងឺ COVID-19 នៅឡើយ ហើយលោកបានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការផងដែរ។

លោកអភិបាលបានគូសបញ្ជាក់ទៀតថា ជនជាតិជប៉ុនរូបនេះ ជាអ្នករស់នៅ និងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប មិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ។

លោក ទៀ សីហា បានឱ្យដឹងទៀតថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្ត និងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថា មុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺកូវីត១៩នោះឡើយ។

យោងតាមសារព័ត៌មានជប៉ុន បានចេញផ្សាយថា ជនជាតិជប៉ុននេះមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងប្រទេសហ្វីលីពិនផងដែរ តាំងពីថ្ងៃទី១៦ ខែកុម្ភៈ។ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ គាត់បានចូលមកប្រទេសកម្ពុជា ហើយថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ បានចាកចេញពីកម្ពុជា តាមព្រលានយន្តអន្តរជាតិ ខេត្តសៀមរាប ទៅកាន់ព្រលានយន្តហោះហូជីមិញ ប្រទេសវៀតណាម ដើម្បីហោះបន្តទៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន៕