(ភ្នំពេញ)៖ សាលាដំបូងខេត្តព្រះសីហនុ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដែលមានសមាសភាពចូលរួមពីសំណាក់ លោកប្រធានសាលាដំបូងខេត្តព្រះសីហនុ លោកអនុប្រធាន លោកចៅក្រម លោកព្រះរាជអាជ្ញា លោកព្រះរាជអាជ្ញារង មន្ត្រីអាជ្ញាសាលា លោក/លោកស្រីក្រឡាបញ្ជី និងលោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន មន្ត្រីលេខាធិការដ្ឋាន និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ របស់សាលាដំបូងខេត្តព្រះសីហន។

នេះជាសន្និបាទប្រចាំឆ្នាំ ដែលបង្ហាញពីលទ្ធផលការងារ ពេញមួយឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ និងលេខាធិការដ្ឋាននៃសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងការលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០ របស់ស្ថាប័ននីមួយៗ។

លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ បានលើកឡើងថា លទ្ធផលការងារសរុប ក្នុងឆ្នាំ២០១៩នេះ ចៅក្រមបានចាត់ការ លើរឿងព្រហ្មទណ្ឌស៊ើបសួរ, រឿងព្រហ្មទណ្ឌជំនុំជម្រះ, រឿងក្តីរដ្ឋប្បវេណី(រឿងក្តីនៃបណ្តឹង, រឿងក្តីរក្សាការពារ, រឿងក្តីរដ្ឋប្បវេណីមិនមែនបណ្តឹង) និងរឿងក្តីអនុវត្តដោយបង្ខំ សរុប២១៧៨រឿង។

ដូចនេះ ក្នុងឆ្នាំ២០១៩ ចៅក្រមម្នាក់ បានចាត់ការសំណុំរឿងសរុបចំនួន២១៧សំណុំរឿង ហើយចំនួននេះ មិនមែនជារឿងធម្មតានោះទេ បើប្រៀបធៀបលទ្ធផល ទៅនឹងថ្ងៃបំពេញការងារប្រចាំឆ្នាំរបស់ចៅក្រម។

សាលាដំបូងខេត្តព្រះសីហនុ បានដាក់ទិសដៅការងារសម្រាប់ឆ្នាំ២០២០ ដើម្បីឆ្លើយតប ទៅនិងគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ទាក់ទិនទៅនឹងការងារកំណែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ ដូចជាបង្កើន និងពង្រឹងកិច្ចសហការ ជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីទទួលបានប្រសិទ្ធភាពការងារ ជាប្រយោជន៍សម្រាប់គោលដៅរួមគឺ៖ «ទាំងអស់គ្នាដើម្បីយុត្តិធម៌» និង «ស្រលាញ់យុត្តិធម៌ គឺស្រលាញ់សន្តិភាព» ជាដើម -ល-៕