(បាត់ដំបង)៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនមែនសម្រាប់ តែគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយទេ តែជាការងារបែបអន្តរវិស័យ និងពហុវិស័យដែលទាមទានូវការសម្រប សម្រួលកម្រិតអន្តរក្រសួង-ស្ថាប័ននៅគ្រប់កម្រិត ។ នេះជាប្រសាសន៍ ទេសរដ្ឋមន្ត្រី គន់ គីម ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយនិងការងារសមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ ២០១៩ និងទិសដៅការងារឆ្នាំ ២០២០នៅខេត្តបាត់ដំបង នារសៀល ថ្ងៃទី៤ ខែមីនានេះ ។

លោក ងួន រតនៈ ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៩នេះ ទឹកជំនន់ប៉ះពាល់ផ្ទះ១,១៦៩ខ្នង លិចស្រូវ ២,៥៣៩ហិកតា ដំណាំរួមផ្សំ១៥៥ហិកតា ខ្យល់កន្ត្រាក់ប៉ះពាល់ និងខូចខាតផ្ទះ១,៨៧៨ខ្នង រាំងស្ងួតប៉ះពាល់ដំណាំកសិកម្មសរុប១២៤,២៤៥ហិកតា និងខូចខាតដំណាំសរុប ១១,៨២១ហិកតា។

នាយឧត្តមសេនីយ៍ គន់ គីម បានដាក់ចេញនូវ ការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ក៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ៖

១៖ ពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ក្រោមជាតិ

២៖ ក្តាប់ជាប់ព័ត៌មានស្តីពីការកើតឡើងនៃគ្រោះមហន្តរាយនិងផ្សព្វផ្សាយទាន់ពេលវេលា ដល់ប្រជាពលរដ្ឋដើម្បីបញ្ជៀសនិងកាត់បន្ថយការខូចខាតជាមុន

៣៖ បង្កើនការគ្រប់គ្រង ប្រើប្រាស់ ទឹកសម្រាប់ទាំងការងារកសិកម្មនិងសម្រាប់ប្រើប្រាស់នាពេលខាងមុខ

៤៖ សូមបណ្តាអង្គការដៃគូរ និងដៃគូរអភិវឌ្ឍចូលរួមសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ជាន់ថ្នាក់ហើយ ចាប់ពីឆ្នាំខាងមុខទៅនឹងមានវេទិកាជួបជាមួយដៃគូសហប្រតិបត្តិការ

៥៖ ត្រូវបន្តរៀនសូត្រពីបទ ពិសោធន៍ការងារនាឆ្នាំកន្លងមក ព្រោះជាក់ស្តែង ជាលទ្ធផលបានកាត់បន្ថយផល ផលប៉ះពាល់គួរឱ្យ កត់សំគាល់ទាំងទឹកជំនន់និងរាំងស្ងួតដោយកាលពីឆ្នាំមុនយើងបានត្រៀមបានល្អ។

ខ៖ ចំពោះការងារសមាគម អតីត យុទ្ធជន៖

១៖ ចុះជួបអតីតយុទ្ធជន នៅ មូលដ្ឋាននិងមានវិធានការជួយអ្នក ដែលមានជីវភាពលំបាកនិងបន្តសង់ផ្ទះជូនសមាជិកក្រីក្រ

២៖ ត្រូវយកចិត្តទុកដាក់ពីសុខភាពរបស់ អតីតយុទ្ធជនពេលយប់ព្រលប់ព្រោះពួកគាត់មានវ័យចាស់ៗហើយ ដោយមេឃុំនិងមេប៉ុស្តត្រូវជួយ សម្រួលបញ្ជូនគាត់ទៅមន្ទីរពេទ្យទាន់ពេលវេលា។

៣៖ ជាការចាំបាច់ត្រូវចលនាសប្បុរសជន ដើម្បី ចូលរួមជួយដល់អតីតយុទ្ធជន។

៤៖ ត្រូវធ្វេីការគ្រប់គ្រងដីដែលរដ្ឋប្រគល់ជូនសមាគម អតីត យុទ្ធជន រៀបចំឈូសឆាយត្រៀមសង់ផ្ទះជូនបងប្អូនដែលអត់ដីអត់ផ្ទះ ។

នាយឧត្តមសេនីយ៍ក៏បានកោតសរសើរ ពីសមិទ្ធផលនិង សកម្មភាពជាគំរូរបស់សមាគមអតីតយុទ្ធជនខេត្តបាត់ដំបងនាឆ្នាំកន្លងៗមកដែលគួររៀនសូត្រតាម៕