(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពីការងារអាទិភាពបំផុតរបស់កម្ពុជា ពេលនេះគឺការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូរ៉ូណាថ្មី ដោយក្នុងនោះរាប់បញ្ចូលទាំងការត្រៀមខ្លួនទប់ទល់បើសិនជាជំងឺនេះ ឆ្លងមកដល់ប្រទេសកម្ពុជាជាថ្មីម្តងទៀតផងដែរ។

ការប្រកាសនេះបានធ្វើឡើង នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសនៅទីនេះថា កិច្ចការរបស់យើង នៅពេលកន្លងទៅចាប់ផ្តើមពីផ្ទុះកូរ៉ូណាថ្មីនេះ រហូតដល់ពេលនេះ និងរហូតដល់ពេលបញ្ចប់នៃជំងឺកូវីត១៩នេះ ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត នេះជាការណ៍ដែលយើងត្រូវធ្វើទាំងអស់គ្នា»

ដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីតនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់បន្ថយការចំណាយប្រមាណ៥០ភាគរយ របស់ក្រសួងស្ថាប័ននានា លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្រ្តី ដែលត្រូវកាត់បន្ថយត្រឹម២៥ភាគរយប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្តេចបានប្រកាសថា ប្រាក់បៀវត្សមន្រ្តីរាជការទាំងអស់មិនត្រូវបានកាត់ឡើយ ដោយការកាត់នេះមានដូចជាចំណាយ សម្រាប់ការចេញទៅក្រៅប្រទេស និងគម្រោងមួយចំនួនទៀត។

សម្តេចបានបន្តថា ថ្នាក់ក្រោមជាតិក៏មានភារកិច្ចដាក់ចេញនូវការងារអាទិភាពទី១ ហើយការចំណាយក៏ត្រូវផ្តល់មកខេត្តនេះ បើទោះបីជាមានការកាត់កងពីវិស័យដទៃ ហើយមកប៉ះប៉ូវឱ្យការចំណាយវិស័យសុខាភិបាល យើងក៏ត្រូវធ្វើដោយចៀសវាងមិនបានទេ។ សម្តេចតេជោ ហ៊ុន សែន ដោយសារលុយមានកម្រិតរបស់វា ដូច្នេះចំណាយទាំងឡាយត្រូវធ្វើចំពោះតែកិច្ចការចាំបាច់តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីការគិតគូរចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងភាពអូសអន្លាយនៃការរីករាលដាលនជំងឺនេះ ក្នុងរយៈពេល៦ខែ និងរយៈពេល១ឆ្នាំជាដើម។ មិនប៉ុណ្ណោះ សម្តេចគិតត្រៀមបម្រុងជាមុនផងដែរ បើសិនជាជំងឺកូវីតចូលមកក្នុងប្រទេសកម្ពុជាជាថ្មី។

សម្តេចថ្លែងថា ក្រសួងសុខាភិបាល គឺជាអ្នកនាំមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាថ្មីនេះ ចំណែកនាយករដ្ឋមន្រ្តីគ្រាន់តែជាការសម្រេចលើនយោបាយប៉ុណ្ណោះ។ លទ្ធភាពទី១នេះ គឺរាជរដ្ឋាភិបាល នឹងខិតខំអប់រំប្រជាពលរដ្ឋ ឱ្យមានអនាម័យ ហើយមិនត្រូវភ័យខ្លាច ឬមានការរើសអើងឡើយ។ ចំណែកលទ្ធភាពទី២ គឺបើសិនជាប្រជាពលរដ្ឋឆ្លងកូវីត ទោះជានៅខេត្តណាមួយក៏ត្រូវត្រៀមបម្រុងដើម្បីជួយដល់ពួកគេផងដែរ។

គិតរហូតមកដល់ពេលនេះ នៅប្រទេសចិន មានអត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅលើពិភពលោកកើនដល់ជាង៣ពាន់នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងជំងឺនេះជាង៩ម៉ឺននាក់ ដែលប្រទេសចិនច្រើនជាងគេ។ ជំងឺនេះចាប់ផ្តើមរីករាលដាល និងបង្កឱ្យមានមនុស្សស្លាប់បន្តបន្ទាប់នៅក្រៅប្រទេសចិន ក្នុងនោះប្រទេសធ្ងន់ធ្ងរមួយចំនួនទៀតមានដូចជាកូរ៉េខាងត្បូង អ៊ីរ៉ង់ អ៉ីតាលី ជប៉ុន អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអាមេរិកជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់តាំងពីផ្ទុះឡើងតាំងពីដើមខែមករា ឆ្នាំ២០២០ មានអ្នកជំងឺប្រមាណជាង៥ម៉ឺននាក់ហើយ នៅលើពិភពលោកត្រូវបានព្យាបាលជាសះស្បើយ។

ប្រទេសកម្ពុជា បានរកឃើញជំងឺនេះ១ករណីគត់ គឺនៅលើខ្លួនជនជាតិចិនម្នាក់ដែលមកពីក្រុងវូហាន ប្រទេសចិន ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ុន្តែជនជាតិចិនរូបនោះត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយចាកចេញពីកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ផងដែរ៕